មុនចាប់ផ្ដើមប្រឡងបាក់ឌុប ឆ្នាំ២០២៦នេះ លោក ម៉ៅ ធនិន អភិបាលខេត្ដកំពត បានប្រកាសផ្ដល់អាហារដល់សិស្សទី១២ទាំងអស់ដែលមានជីវភាពលំបាក មិនមានលទ្ធភាព ទូទាំងខេត្ដកំពតបានហូបមានកម្លាំងសម្រាប់ប្រឡង។


ការប្រកាសបែបនេះរបស់លោក ម៉ៅ ធនិនធ្វើឡើងក្នុងពេលចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងក្រុងកំពត។
តាមការបញ្ជាក់ពីលោកអភិបាលខេត្ដកំពត អាហារដែលនឹងផ្ដល់ជូនមានបាយ ត្រីខ និងទឹកសុទ្ធ។ ទន្ទឹមនឹងការផ្ដល់ជូននេះ លោកក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ និងសង្ឃឹមថា ក្មួយៗទាំងអស់ប្រឡងជាប់ទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា, ខេត្តកំពត មានមណ្ឌលប្រឡងសរុបចំនួន ១០ មណ្ឌល ស្មើនឹង ២១១ បន្ទប់ ក្នុងនោះរួមមាន៖ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣ មណ្ឌល (៤៨ បន្ទប់)ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧ មណ្ឌល (១៦៣ បន្ទប់)។ ចំពោះបេក្ខជនប្រឡងសរុបទូទាំងខេត្តមានចំនួន ៥,២២៨ នាក់ (ស្រី ៣,០៥៣ នាក់) ក្នុងនោះបេក្ខជនចំណេះទូទៅមានចំនួន ៥,០១៧ នាក់ (ស្រី ២,៩៤៣ នាក់)៕


