របាយការណ៍បឋមដែលទទួលបានពីមណ្ឌលប្រឡងបានបង្ហាញថា នាព្រឹកថ្ងៃទី២ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ មានបេក្ខជន ជនអវត្តមានចំនួន១ ៣៤០នាក់ (ស្រី៥០២នាក់) ស្មើនឹង០,៨៨ភាគរយ បេក្ខជនស្វ័យរិនចំនួន១ ១៣៥នាក់ (ស្រី៤០៧នាក់) បេក្ខជនចំណេះទូទៅចំនួន២០៥នាក់ (ស្រី៩៥នាក់)។

បេក្ខជនដែលមានបញ្ហាសុខភាព១៨៨នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព១៥នាក់។ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។
ទន្ទឹមនឹងនោះ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងផងដែរថា ដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ ដំណើរការសំណេរមានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕




