(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា, តាមរយៈកិច្ចសហការគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ក្រោមក្របខណ្ឌនៃក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានរៀបចំកិច្ចពិភាក្សាស្វែងយល់អំពីគោលការណ៍ និងនីតិវិធីនៃការដំឡើង និងការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) នៅកម្ពុជាសម្រាប់វិស័យឯកជន ក្រោមអធិបតីភាព ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ “ញ” “ផ្នែកធនធានរ៉ែ និងថាមពល” ផ្នែកឯកជន និង ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

កិច្ចពិភាក្សានេះក៏មានការចូលរួមផងដែរពីសំណាក់មន្តរីជំនាញ និហមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គីសនីកម្ពុជា, តំណាងពីអគ្គិសនីកម្ពុជា (EDC) តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំ នៅកម្ពុជា, តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណជា ៣៥០នាក់។
សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះគឺដើម្បី៖ ១. បង្កើនការយល់ដឹង៖ ដើម្បីស្តាប់ការបង្ហាញផ្ទាល់អំពីគោលការណ៍ បទប្បញ្ញត្តិ និងនីតិវិធីបច្ចេកទេសផ្លូវការនៃការដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះ អាទិត្យលើដំបូលនៅកម្ពុជា។ ២. ដោះស្រាយការលំបាក និងចម្ងល់៖ បើកឱកាសឱ្យតំណាងផ្នែកឯកជនបានលើក ឡើងនូវបញ្ហាប្រឈម ចម្ងល់ និងសំណូម ពរជាក់ស្តែង ជុំវិញការអនុវត្តកន្លងមក ដើម្បីទទួលបានការបកស្រាយ និងដំណោះស្រាយដ៏ច្បាស់លាស់ពីអាជ្ញាធរមាន សមត្ថកិច្ច។
ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ “ញ” តំណាងផ្នែកឯកជនបានថ្លែងថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល (Rooftop Solar) កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាតម្រូវការចាំបាច់របស់វិស័យឯកជន ជាពិសេសក្នុងចំណោមរោងចក្រ សហគ្រាស និងអាជីវកម្មនានា ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយថ្លៃដើមផលិតកម្ម ការពារបរិស្ថាន និងឆ្លើយតបទៅនឹងគោលនយោ បាយអភិវឌ្ឍន៍បៃតង។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកនេះភាគីផ្នែកឯកជននៅតែបន្តមានចម្ងល់ និងជួបប្រទះនូវបញ្ហាប្រឈម មួយចំនួន ពាក់ព័ន្ធនឹងគោលការណ៍ណែនាំ បទដ្ឋានបច្ចេកទេស និងនីតិវិធីនៃការស្នើសុំដំឡើងនិងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យលើដំបូល (សូឡា) នេះ។
បន្ថែមលើកនេះ ឧកញ៉ា ក៏បានអំពាវនាវ និងសម្តែងការស្វាគមន៍ចំពោះការចូលរួម និងសហការគ្នាចំពោះគ្រប់ភាគីពាក់ព័ន្ធផ្នែកឯកជនទាំងអស់ក្នុងការពង្រឹងយន្តការក្រុមការងារ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដោយប្រើយន្តការនេះតាមរយៈសភាពាណិជ្ជកម្មកម្ពុជា ជាច្រករួមតែមួយគត់ក្នុងការទទួលយក និងប្រមូលធាតុចូល និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយជូនប្រកបដោយប្រសិទ្ធិភាព។
សូមជម្រាបជូនថា ដោយយោងតាមមន្ត្រីនៃអាជ្ញាធរអគ្គិសនីកម្ពុជា និយមន័យមនៃថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) សំដៅដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវដំឡើងនៅក្រោយនាឡិការស្ទង់ និងក្នុងទីតាំងរបស់អ្នកប្រើប្រាស់ សម្រាប់បម្រើឱ្យការប្រើប្រាស់ អគ្គិសនីរបស់អ្នកប្រើប្រាស់អគ្គិសនី ដែលអាចជាប្រព័ន្ធដំឡើងលើដី ឬលើដំបូល។
ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ត្រូវបែងចែកចេញជាពីរប្រភេទគឺ៖ ប្រព័ន្ធប្រភេទ១៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលបម្រើឱ្យទីតាំងប្រើប្រាស់អគ្គិសនីដែលមិនភ្ជាប់ការប្រើប្រាស់ ជាមួយបណ្តាញ ផ្គត់ផ្គង់របស់ប្រ័ពន្ធបណ្តាញជាតិ ពុំចាំបាច់ស្នើសុំការអនុញ្ញាត្ត ពុំចាំបាច់ជូនដំណឹង និងពុំតម្រូវឱ្យបង់ថ្លៃប៉ះប៉ូវទេ។ ប្រព័ន្ធប្រភេទ ២៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលបម្រើឱ្យទីតាំងប្រើប្រាស់អគ្គិសនីដែលភ្ជាប់ការប្រើប្រាស់ជាមួយបណ្តាញផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ (សាំងក្រូន ,ATS ,MTS.)។







