ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) រៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ពង្រីកមណ្ឌលសន្និធិប្រេងឥន្ធនៈរបស់ខ្លួននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។  នេះ ជាការវិនិយោគយុទ្ធសាស្ត្រមួយរបស់ ប៊ីវីអឹម ក្នុងការបង្កើនសមត្ថភាពស្តុកប្រេងឥន្ធនៈ របស់ខ្លួនឱ្យបានដល់ជាង ២២,៥ លានលីត្រ។ ការសាងសង់ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១២ ខែ ជាមួយនឹងទុនវិនិយោគប្រមាណ ៧ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពង្រីកបន្ថែមនេះ មិនត្រឹមតែធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបណ្តាញស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុន និងអនុសាសន៍របស់រាជរដ្ឋាភិបាលលើសន្និធិបម្រុងប្រេងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធ្វើទំនើបកម្មផ្នែកបច្ចេកទេស និងសុវត្ថិភាពឱ្យឆ្លើយតបទៅនឹងស្តង់ដាអន្តរជាតិផងដែរ។

លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកានៃក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា៖ «ការវិនិយោគនេះ មិនត្រឹមតែជាការបន្ថែមសមត្ថភាពស្តុកប្រេងប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ស្តង់ដាបច្ចេកទេស សុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងឱ្យកាន់តែមានភាពទំនើបស្របតាមស្តង់ដាអន្តរជាតិ។ ប៊ីវីអឹម ប្តេជ្ញាធានាឱ្យបាននូវគុណភាពប្រេងឥន្ធនៈប្រកបដោយទំនុកចិត្ត ព្រមទាំងចូលរួមចំណែកធានាដល់ការផ្គត់ផ្គង់ថាមពលឥន្ធនៈដែលមានស្ថិរភាព សុវត្ថិភាព និងចីរភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា»

តាមរយៈការពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសន្និធិប្រេងនេះ ប៊ីវីអឹម កំពុងរួមចំណែកយ៉ាងសកម្មដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យថាមពលដែលមានភាពធន់ ដែលជាគ្រឹះមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងតួនាទីរបស់ខ្លួនជាក្រុមហ៊ុននាំចូល និងចែកចាយប្រេងឥន្ធនៈក្នុងស្រុកឈានមុខ ដែលប្រកាន់ខ្ជាប់នូវស្តង់ដាសុវត្ថិភាព និងគុណភាពជាចម្បង។

ទន្ទឹមនឹងនេះ ការពង្រីកសមត្ថភាពស្តុកប្រេង គឺស្របទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់ប៊ីវីអឹម ក្នុងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន ក៏ដូចជាឆ្លើយតបនឹងតម្រូវការដែលកើនឡើងពីអតិថិជន និងដៃគូអាជីវកម្មរបស់ ក្រុមហ៊ុនផងដែរ។

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) គឺជាក្រុមហ៊ុននាំចូល ចែកចាយ និងលក់រាយប្រេងឥន្ធនៈរបស់ជនជាតិខ្មែរ ដែលមានប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា។​ ក្នុងនាមជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខគេមួយ តាំងពីឆ្នាំ២០០៨  ប៊ីវីអឹម តែងតែប្រកាន់ខ្ជាប់នូវការសន្យារបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវប្រេងឥន្ធនៈដែលមានគុណភាព ជាមួយនឹងសេវាកម្ម ប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។