បារាំង សិក្សាគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនបារាំង SEMMARIS បានកំពុងជំរុញគម្រោងសិក្សាសមិទ្ធិលទ្ធភាពនៃការបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន SEMMARIS នៃប្រទេសបារាំង ដឹកនាំដោយលោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ ធ្វើឡើងស្រប់ពេលក្រុមហ៊ុន កំពុងបំពេញបេសកកម្មនៅ កម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព លើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។ គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group តាមរយៈការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

នាជំនួបនេះ លោក Thierry Febvay បានឱ្យដឹងថា ក្រុមហ៊ុន SEMMARIS ជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ Marché International de Rungis នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុងពិភពលោក។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគម្រូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព និងបានស្នើសុំអនុសាសន៍ណែនាំ ព្រមទាំងការគាំទ្រ ការសម្របសម្រួលនីតិវិធី និងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន SEMMARIS និងដៃគូ ខណៈលោកបង្ហាញពីជំហររបស់CDC ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។

សូមជម្រាបដែរថា គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេលអនាគតផងដែរ៕អត្ថបទ៖ហ្សាលីន