លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា ក្រសួង កំពុងពន្លឿនការរៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការមេផ្នែកផ្កាយរណប និងលំហអាកាស។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី កម្មវិធីប្រកួតប្រជែងសរសេរកូដបញ្ជារ៉ូបូតនៅលើស្ថានីយលំហអាកាសអន្តរជាតិលើកទី៧ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត បានលើកឡើងថា ស្របពេលដែលក្រសួងកំពុងខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផែនការមេ ការបណ្តុះបណ្តាលធនធានមនុស្សក៏ជាកិច្ចការអាទិភាពដ៏សំខាន់ដែលត្រូវធ្វើទន្ទឹមគ្នា។
ដើម្បីគាំទ្រដល់ក្របខណ្ឌគោលនយោបាយនេះ ក្រសួងបាន និងកំពុងរៀបចំការបណ្តុះបណ្តាលបន្ថែមដល់ធនធានមនុស្សដែលមានស្រាប់ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញផ្កាយរណប និងលំហអាកាសទម្រង់ Fast Track នៅក្នុងស្រុក។ លើសពីនេះ ក្រសួងក៏បានជ្រើសរើសយុវជនកម្ពុជាចំនួន ៤៨រូប ឱ្យទៅសិក្សានៅប្រទេសចិន ឥណ្ឌា និងបារាំង ផងដែរ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរៀបចំក្របខណ្ឌគោលនយោបាយ រួមជាមួយការបណ្តុះបណ្តាលយុវជននាពេលនេះ គឺជាការត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃអនាគត ក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស មកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ៕



