ក្រសួងការពារជាតិ បានចេញសេចក្តីណែនាំថ្មីមួយ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្តីពីការបើកគណនីធនាគារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល។

ផ្អែកតាមសេចក្តីណែនាំនេះ គ្រប់ស្ថាប័នចំណុះក្រសួង និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវចាប់ផ្តើមរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពរបស់ខ្លួនភ្លាមៗ ហើយត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅ គ្រប់កងឯកភាពត្រូវរៀបចំផែនការសកម្មភាពជាក់ស្តែង ដោយជំរុញការបើកគណនីឱ្យបានយ៉ាងតិច ១០% នៃចំនួនទ័ពសរុបជារៀងរាល់ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។
ក្រសួងការពារជាតិបញ្ជាក់ថា គ្រប់កងឯកភាពអាចជ្រើសរើសធនាគារមួយ ឬច្រើនក្នុងចំណោមធនាគារពាណិជ្ជទាំង៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) រួមមាន ធនាគារ អេស៊ីលីដា, កាណាឌីយ៉ា, វឌ្ឍនៈ, ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB), វីង, ABA, ជីប ម៉ុង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីអនុវត្តដល់នាយហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធតាមបណ្តាកងឯកភាព។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក៏នឹងបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីពិនិត្យ តាមដាន និងសម្របសម្រួលការងារនេះ ដោយតម្រូវឱ្យគ្រប់កងឯកភាពធ្វើរបាយការណ៍បូកសរុបវឌ្ឍនភាពប្រចាំខែ ផ្ញើមកក្រុមការងារចំពោះកិច្ចមុនដាច់ខែនីមួយៗ ដើម្បីរាយការណ៍បន្តជូនថ្នាក់ដឹកនាំ៕




