ក្រុមហ៊ុនសំបកកង់រថយន្តម៉ាក សៃលុន (Sailun) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសជ្រើសរើសអ្នកហាត់ការជាសិស្សទើបប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានជីវភាពក្រីក្រមកពីបណ្តាខេត្ត ចំនួន ២០រូប ហើយក្រុមហ៊ុននឹងផ្តល់ប្រាក់ឧបត្ថម្ភ ២០០ដុល្លារ ក្នុងមួយខែ។

នៅលើបណ្តាញសង្គម នាព្រឹកថ្ងៃចន្ទនេះ ក្រុមហ៊ុនបានប្រកាសបែបនេះថា៖ “កង់ខ្មែរ Sailun ត្រូវការសិស្សទើបប្រលងបាក់ឌុបរួចដែលខ្វះលុយ ចូលមហាវិទ្យាល័យ ២០នាក់ មកហាត់ការជំនាញលក់ ប្រាក់ឧបត្ថម្ភ ២០០$”។
កន្លងមកក្រុមហ៊ុនសំបកកង់រថយន្តម៉ាក សៃលុន តែងចូលរួមសកម្មភាពជួយដល់សង្គមជាហូរហែ។ ជាក់ស្តែង កាលខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន (Sailun) បានជួយឧបត្ថម្ភថវិកាប្រមាណ ២០០០ ដុល្លារអាមេរិក និងឧបត្ថម្ភ ៥០០ ដុល្លារអាមេរិកជារៀលរាល់ខែបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សាលាដូង ដែលកំពុងជួបការខ្វះខាត។ ជាមួយគ្នានេះ Sailun ក៏បានប្រកាសប្រមូលសំបកកង់សៃលុន ដែលបានប្រើប្រាស់រួច ដើម្បីយកទៅជួយសាងសង់របងសាលាដូង។
សូមជម្រាបថា ក្រុមហ៊ុន PICG គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀង។ ក្រុមហ៊ុនផលិតសំបកកង់រថយន្តខ្នាតយក្ស កំពុងឈរជើងនៅកម្ពុជាមួយនេះ ក៏កំពុងរួមចំណែក ផ្ដល់ឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាពលរដ្ឋខ្មែរផងដែរ។






