ម្ចាស់ពាន CAMBO RAPPER លោក AK-K ទទួលបានថវិកាបន្ថែមសម្រាប់ចំណាយលើការព្យាបាលពី ផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverages និងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត

សង្គម​ និង​សេដ្ឋកិច្ច

ដោយមិនឈរឱបដៃមើល ក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages បានចុះទៅសួរសុខទុក្ខក៏ដូចជានាំយកថវិការមួយចំនួនជូនដល់ម្តាយរបស់ម្ចាស់ពាន CAMBO RAPPER លោក AK-K ដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មកទល់ពេលនេះមានរយៈពេលជិតបីខែហើយដែលម្ចាស់ពាន CAMBO RAPPER លោក AK-K ជួបគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាពេលនេះស្ថានភាពសុខភាពរបស់លោកមិនទាន់បានល្អប្រសើរនិងវិលមកសភាពដើមក៏ពិតមែន ប៉ុន្តែក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages នៅតែបន្តជួយតារាចម្រៀងរ៉េប លោក AK-K យ៉ាងសស្រះសស្រាំ ដោយបាននាំយកថវិកាជួយសម្រាលថ្លៃព្យាបាលជំងឺជាបន្តទៀត។ ក្នុងនោះដែរក៏មានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានជួយជាថវិកាផ្ទាល់ខ្លួនមួយចំនួនដល់តារាចម្រៀងរ៉េប លោក AK-K ផងដែរ ។

តាមរយៈរូបភាពមួយចំនួនដែលទស្សនិកជនបានឃើញស្រាប់ គឺជាសកម្មភាពដែលក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនម្តាយរបស់លោក AK-K នៅគេហដ្ឋានផ្ទាល់ដើម្បីជួយសម្រាលថ្លៃព្យាបាលកាលពីប៉ុន្មានថ្ងៃមុន ។ ម្តាយរបស់តារាចម្រៀងរ៉េប AK-K បានសម្តែងនូវការត្រេអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages ព្រមទាំងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានផ្តល់នូវថវិកាជួយសម្រាលក្នុងការព្យាបាលជំងឺកូនប្រុសរបស់អ្នកស្រី ។

គួរបញ្ជាក់ផងដែរថា ស្ថានភាពសុខភាពរបស់តារាចម្រៀងរ៉េប AK-K ពេលនេះគឺបានល្អប្រសើរច្រើន ប៉ុន្តែជើងមិនទាន់អាចដើរបាននៅឡើយទេ។

សូមរំលឹកថាតាំងថ្ងៃកើតហេតុគ្រោះថ្នាក់ ក្រុមការងារផលិតកម្ម Galaxy Navatra បានស្វះស្វែងទំនាក់ទំនងជាមួយអាជ្ញាធរដើម្បីដោះស្រាយជាមួយភាគីបង្កហេតុ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាពមុនចាកចេញទៅព្យាបាលនៅប្រទេសវៀតណាមមួយរយៈ។ ទាំងមិត្តសិល្បករក៏ដូចជាអ្នកគាំទ្របានផ្ញើសារជូនពរតារាចម្រៀងរ៉េប AK-K ឆាប់ជាសះស្បើយ និងបានវិលត្រឡប់មកកាន់វិស័យចម្រៀង និងបន្តក្តីស្រមៃខ្លួនឡើងវិញក្នុងពេលឆាប់ៗ ៕