ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣

សង្គម​ និង​សេដ្ឋកិច្ច

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣» នៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការសរុប ៣៧៤នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងបានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ នេះឡើង ក្រោមចក្ខុវិស័យ «កសាងបណ្តាញផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡាប្រកបដោយភាពធន់» ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍនិងលើកកម្រិតគុណភាពផ្លូវជនបទ គឺដើម្បីធានានិរន្តរភាពក្នុងការតភ្ជាប់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រវាងតំបន់ជនបទនិងទីប្រជុំជន ព្រមទាំងបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។ ទន្ទឹមនឹងនេះ ការស្ថាបនាផ្លូវត្រូវបានធ្វើការកែទម្រង់ផ្អែកលើគោលការណ៍គ្រឹះចំនួន ៤ គឺ «គុណប្រយោជន៍ គុណភាព សុវត្ថិភាព និងភាពសន្សំសំចៃ» ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល។

លោក ឆាយ ឫទ្ធិសែន ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យយកផែនការយុទ្ធសាស្រ្តនេះធ្វើជាឯកសារគតិយុត្តក្នុងការអនុវត្តការងារ ព្រមទាំងបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនទៀត ដើម្បីជំរុញការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកបដោយប្រសិទ្ធភាព គុណភាព និងមានភាពធន់៕