ADB ៖ វិស័យយានយន្ត និងវិស័យកែច្នៃកសិផល ផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យយានយន្ត និងវិស័យកែច្នៃកសិផលផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាក្នុងការឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់។លោកស្រីលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យយានយន្ត និងវិស័យកែច្នៃកសិផលផ្តល់ឱកាសដ៏សំខាន់ដល់កម្ពុជាក្នុងការឈានទៅរកការផលិតដែលមានតម្លៃបន្ថែមខ្ពស់ ប៉ុន្តែការសម្រេចបាននូវគោលដៅនេះ តម្រូវឱ្យពង្រឹងការអភិវឌ្ឍជំនាញបច្ចេកទេស ឌីជីថល ស្តង់ដាគុណភាព ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការអនុវត្តផលិតកម្មប្រកបដោយចីរភាព។

លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធជំនាញ និងការបំពាក់បំប៉នកម្លាំងពលកម្មនូវជំនាញចាំបាច់នានា សម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតង ភាពប្រកួតប្រជែង និងមានភាពធន់ជាងមុន។

ជាមួយគ្នានេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាមិនអាចពឹងផ្អែកតែលើកត្តាជំរុញកំណើនបែបប្រពៃណីនេះទេ គឺត្រូវធ្វើពិពិធកម្ម ទំនើបកម្ម និងឈានឡើងក្នុងខ្សែច្រវាក់តម្លៃសកល។ ទន្ទឹមនឹងការអភិវឌ្ឍការធ្វើដំណើរប្រកបដោយថាមពលបៃតង កម្ពុជាក៏កំពុងដឹកនាំបដិវត្តន៍ឧស្សាហកម្មកសិកម្មដ៏ទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ដូច្នេះដែល សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការកសាងសមត្ថភាពកែច្នៃក្នុងស្រុកដ៏រឹងមាំ មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្រមួយ។ នេះគឺជាស្ពានភ្ជាប់មរតកកសិកម្មទៅនឹងសមត្ថភាពឧស្សាហកម្មទំនើប ដោយផ្តល់អំណាចដល់សហគ្រិនក្នុងស្រុក និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញទំនិញមានតម្លៃបន្ថែមខ្ពស់ដែលពិភពលោកអាចទុកចិត្តបាន។

សូមជម្រាប់ដែរថា សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន