ព្រឹទ្ធសភា ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាអភិវឌ្ឍកាហ្វេជាដំណាំយុទ្ធសាស្រ្ត ដើម្បីទទួលបានតម្លៃខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា បានជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាអភិវឌ្ឍកាហ្វេជាដំណាំយុទ្ធសាស្រ្ត ដើម្បីទទួលបានតម្លៃខ្ពស់ សំដៅឈានទៅបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។នេះបើយោងតាមកិច្ចប្រជុំស្តីពី «ការជំរុញគោលនយោបាយកាហ្វេនៅកម្ពុជា» ធ្វើឡើងកាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងកិច្ចប្រជុំ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំស្តីពី «ការជំរុញគោលនយោបាយកាហ្វេនៅកម្ពុជា» ធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធរួមគ្នាអភិវឌ្ឍកាហ្វេជាដំណាំមានតម្លៃខ្ពស់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់កសិករ ជាពិសេសនៅប៉ែកឦសាន ដើម្បីបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនចំណូលជូនពលរដ្ឋ។

លោកបញ្ជាក់ថា ការអភិវឌ្ឍវិស័យកាហ្វេត្រូវផ្អែកលើទិន្នន័យ និងការសិក្សាច្បាស់លាស់ ដើម្បីកំណត់តំបន់ដែលមានសក្តានុពលសម្រាប់ពង្រីកការដាំដុះ។ ខេត្តមណ្ឌលគិរីគួរជាតំបន់គោលដៅសំខាន់ ខណៈរតនគិរី កោះកុង និងពោធិ៍សាត់ គួរត្រូវបានសិក្សាបន្ថែម។ ជាមួយគ្នានេះ ត្រូវជំរុញការស្រាវជ្រាវ និងអភិវឌ្ឍពូជកាហ្វេក្នុងស្រុក ដែលមានគុណភាព តម្លៃសមរម្យ និងធន់នឹងអាកាសធាតុ ជំងឺ និងសត្វល្អិត ព្រមទាំងពង្រឹងបច្ចេកទេសដាំដុះ ការប្រមូលផល និងការកែច្នៃ ដើម្បីបង្កើនទិន្នផល និងគុណភាពកាហ្វេកម្ពុជា។

លោកក៏បានជំរុញការកសាង ខ្សែច្រវាក់តម្លៃពីចម្ការដល់ទីផ្សារ ដោយភ្ជាប់កសិករ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកប្រមូលទិញ អ្នកកែច្នៃ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ហើយការងារនេះត្រូវមានប្រព័ន្ធច្បាស់លាស់ ដើម្បីកាត់បន្ថយថ្លៃដើម ពង្រឹងគុណភាព និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យសមាគមចាប់ផ្តើមខ្សែច្រវាក់តម្លៃនេះពីសមាជិក និងកសិករនៅតំបន់សក្តានុពល និងបន្តពង្រីកទៅកសិករផ្សេងទៀត ដោយមានការចូលរួមពីវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍។

បើតាមមន្រ្តីជាន់ខ្ពស់នៃព្រឹទ្ធសភា ដដែលបានបញ្ជាក់ដែរថា កាហ្វេអាចជា «ដំណាំយុទ្ធសាស្ត្ររបស់កសិករ» តាមរយៈការស្រាវជ្រាវ ការវិនិយោគ ការកសាងប្រព័ន្ធផលិតកម្ម និងការភ្ជាប់ទីផ្សារឱ្យបានច្បាស់លាស់៕ អត្ថបទ៖ហ្សាលីន