តាមរយៈកិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និងកិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក កាលថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៦ ប្រទេសទាំងបី បានប្តេជ្ញារួមគ្នាជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើង។

លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំចំនួន ០៣ រួមមាន៖១. កិច្ចប្រជុំទ្វេភាគីលើកទី១១ កម្ពុជា-វៀតណាម ២. កិច្ចប្រជុំទ្វេភាគីលើកទី៧ កម្ពុជា-ឡាវ និង ៣. កិច្ចប្រជុំត្រីភាគីលើកទី២ កម្ពុជា-ឡាវ-វៀតណាម ស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក។ចំណែកភាគីវៀតណាមដឹកនាំដោយលោកស្រី Phan Thi Thu Hien អគ្គនាយករងនៃនាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម និងភាគីឡាវដឹកនាំដោយលោក Chanthala Phimmachack អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ អ្នកជំនាញការរបស់ JICA និងវិស័យឯកជននៃប្រទេសទាំងបី ដែលមានចំនួនសមាសភាពចូលរួមសរុបប្រមាណ ១៥០នាក់។

សូមជម្រាបដែរថា កិច្ចប្រជុំទ្វេភាគីលើកទី១០ កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីលើកទី១ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២៥ ដែលប្រទេសវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះ។ ដោយឡែកសម្រាប់កិច្ចប្រជុំទ្វេភាគីកម្ពុជា-ឡាវលើកទី៦ គឺបានរៀបចំឡើងកាលពីឆ្នាំ២០១៦ ដោយ បានអាក់ខានអស់រយៈពេលប្រមាណ ១០ ឆ្នាំមកហើយ។ ក្នុងន័យនេះ ការរៀបចំកិច្ចប្រជុំទាំងបីខាងលើនេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការតាំងចិត្តរួមគ្នាក្នុងការចូលរួមជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានភាពល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់រវាងប្រទេសទាំងបី សំដៅពង្រឹងការតភ្ជាប់រវាងប្រទេសនិងប្រទេស និងការធ្វើសមាហរណកម្មក្នុងតំបន់៕ អត្ថបទ៖ហ្សាលីន



