ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចាក់ផ្សាយវីដេអូគំរាមធ្វើឃាតកូនប្រុសពៅប្រធានាធិបតីអាមេរិក Barron Trump

អន្តរជាតិ

ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានចាក់ផ្សាយវីដេអូមួយដែលរៀបរាប់លម្អិតអំពីទីកន្លែងរបស់ Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែទៅជាប្រចាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Newsmax។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វីដេអូនេះ ដែលមានរយៈពេលប្រហែលបីនាទី ត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍លេខ០៣ របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដូចជា Tasnim កាលពីថ្ងៃទី២៣ ខែសីហា។

វីដេអូដែលមានចំណងជើងថា “កន្លែងដែលត្រូវសម្លាប់ Barron Trump” ត្រូវបានធ្វើឡើងដោយប្រើទម្រង់បែបជាក្រាហ្វិក ដើម្បីធ្វើត្រាប់តាមការឃ្លាំមើលទីតាំងដែល Barron តែងតែបង្ហាញវត្តមានជាញឹកញាប់ រួមទាំងវេទិកាអនឡាញរបស់គេ និងមនុស្សនៅជុំវិញខ្លួនកូនប្រុសរបស់ប្រធានាធិបតីអាមេរិករូបនេះផងដែរ។ វីដេអូនេះក៏បង្ហាញផែនទីនៃទំនាក់ទំនងសង្គមរបស់ Barron និងប្រព័ន្ធការពារសុវត្ថិភាពដែលផ្តល់ដោយសេវាសម្ងាត់សហរដ្ឋអាមេរិកទៀតផង។

យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយ C14 News របស់អ៊ីស្រាអែលក៏បានបង្ហាញថា អ៊ីរ៉ង់បានផ្តល់រង្វាន់ចំនួន ១០លានដុល្លារសម្រាប់អ្នកដែលអាចទាក់ទងកូនប្រុសរបស់ប្រធានាធិបតី ត្រាំ បាន។ សេវាសម្ងាត់អាមេរិកបាននិយាយថា ខ្លួនក៏បានដឹងអំពីការគំរាមកំហែងនេះ ហើយកំពុងបើកការស៊ើបអង្កេតផងដែរ។

ចលនាចុងក្រោយនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយមួយផ្សេងទៀតដែលបានកំណត់គោលដៅទៅលើស្ត្រីទីមួយ Melania Trump ផងដែរ។វីដេអូគំរាមនោះ បានលើកឡើងពីកន្លែងដែលលោកស្រីតែងតែទៅទស្សនាជាញឹកញាប់នៅទីក្រុងញូវយ៉ក ទម្លាប់ទិញទំនិញរបស់គាត់ និងព័ត៌មានដែលត្រូវបានចោទប្រកាន់ថាទាក់ទងនឹងការការពារសេវាសម្ងាត់ជាដើម។

គួរជម្រាបជូនថា ការគំរាមកំហែងប្រឆាំងនឹងគ្រួសាររបស់លោក ត្រាំ បានលេចឡើងក្នុងចំណោមភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្ត្រីយោធា និងនយោបាយជាន់ខ្ពស់មួយចំនួនទៀត៕​