ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភាពីសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់សម្តេចនៅក្នុងពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារតែឯង។
សម្តេចបានលើកឡើងថា នៅឆ្នាំ២០២៥ បន្ទាប់ពីរយៈពេល ២៦ឆ្នាំនៃសន្តិភាពឥតឈប់ឈរ ដែលជាអំឡុងពេលសន្តិភាពដ៏យូរបំផុតដែលប្រទេសជាតិរបស់យើងបានស្គាល់ក្នុងរយៈពេល ៥០០ឆ្នាំ សង្គ្រាមបានវិលត្រឡប់មកកាន់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសថៃ ដោយគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាយុជីវិត និងមធ្យោបាយចិញ្ចឹមជីវិតត្រូវបានបាត់បង់ គ្រួសារត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍមូលដ្ឋានរងផលប៉ះពាល់អវិជ្ជមាន។
បទឈប់បាញ់ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្ត ប៉ុន្តែស្ថានភាពនៅនឹងកន្លែងនៅតែផុយស្រួយ ដ្បិតកងទ័ពរាប់ពាន់នាក់នៅតែឈរជើងទល់មុខគ្នាតាមបណ្តោយព្រំដែន ហើយគ្មានវិធានការបន្ធូរបន្ថយភាពតានតឹងណាមួយត្រូវបានអនុវត្តឡើយ។ បញ្ហាស្នូល បូរណភាពទឹកដី និងអធិបតេយ្យភាពក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់នៅតែមិនទាន់ត្រូវបានដោះស្រាយ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ (KL Accords) ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យការងារវាស់វែង និងបោះបង្គោលព្រំដែនដោយគណៈកម្មការព្រំដែនរួម (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ ចាប់ផ្តើមឱ្យបានឆាប់បំផុត ដើម្បីឱ្យការងារបោះបង្គោលព្រំដែនច្បាស់លាស់រវាងប្រទេសទាំងពីរត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ជម្លោះបន្ថែមទៀត និងអនុញ្ញាតឱ្យប្រជាជនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក៏ពុំមានការងារបោះបង្គោលព្រំដែនណាមួយដោយ JBC បានកើតឡើងនោះទេ។ មានប្រជាជនកម្ពុជាប្រមាណ ២០.០០០នាក់ ដែលនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ»។
បើតាមសម្តេចធិបតី ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការសម្រេចចិត្តថ្មីៗរបស់យើងក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកំហិតក្រោម UNCLOS ដើម្បីដោះស្រាយព្រំដែនសមុទ្ររបស់យើងជាមួយប្រទេសថៃ បង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់យើងក្នុងការស្វែងរកដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលមានមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។
សម្តេចធិបតី បានបន្ថែមថា ដំណោះស្រាយដោយសន្តិវិធី គឺស្ថិតនៅក្នុងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ យ៉ាងណាម សម្តេចថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មិនមែនគ្រាន់តែជាបញ្ហាទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកង្វល់ជាសកលចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនអាចរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ានផងដែរ។
សូមរម្លឹកដែរថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជាក្នុងឆ្នាំ២០២៥ បានកើតឡើងចំនួនពីរលើក រួមមាន ការឈ្លានពានលើកទី១ បានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងការឈ្លានពានលើកទី២ បានចាប់ផ្តើមសាជាថ្មីនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕អត្ថបទ៖ហ្សាលីន

