ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងបីរបស់ប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានខាតបង់លុយអស់ជាង ១,២ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បើទោះបីជាប្រាក់ចំណូលរបស់ពួកគេនៅតែកើនឡើងប្រហែល ១០% ក៏ដោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nikkei បានប៉ាន់ប្រមាណថា នៅក្នុងត្រីមាសទីពីរតែមួយ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ក្រុមហ៊ុនអាកាសចរណ៍ Air China និងក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines អាចខាតបង់ចន្លោះពី ៥៦០លានដុល្លារ ទៅ ៧៧០លានដុល្លារ។ ហើយសម្រាប់រយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការខាតបង់រួមគ្នារបស់ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សទាំងបីនេះ បានឈានដល់ ៨,១៦ពាន់លានយ៉ន់ (ប្រហែល ១,២១ពាន់លានដុល្លារ)។
ក្រុមហ៊ុនអាកាសចរណ៍ទាំងបីដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសចិន បាននិយាយថា ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ គឺជាមូលហេតុចម្បងនៃការខាតបង់របស់ពួកគេ។ ថ្លៃដើមទាំងនេះបានកើនឡើងជាង ៣០% ដែលបណ្តាលឱ្យមានការចំណាយបន្ថែមរហូតដល់ ២៥,៧៤ពាន់លានយ៉ន់ ដែលលើសពីការកើនឡើងនៃប្រាក់ចំណូលសរុបរបស់ពួកគេចំនួន ២៤,៣១ពាន់លានយ៉ន់។
គួរឲ្យដឹងថាប្រាក់ចំណូលរបស់ពួកគេត្រូវបានគេព្យាករថានឹងកើនឡើងប្រហែល ១០% នៅឆ្នាំ២០២៥ ដែលជំរុញដោយកំណើនស្ថិរភាពនៃតម្រូវការអ្នកដំណើរ និងទំនិញ ជាពិសេសនៅលើផ្លូវហោះហើរអន្តរជាតិ៕

