ក្រសួងអធិការកិច្ច បង្ហាញសមិទ្ធផលក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដោយបានចុះធ្វើអធិការកិច្ច ២,៨០៧ អង្គភាព និងដោះស្រាយបណ្តឹងបញ្ចប់ ១៨៨។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ក្រោមអធិបតីភាពរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

នាឱកាសោះ លោករដ្ឋមន្រ្តី ទីសុខ សូកេន បានជម្រាបជូនអង្គប្រជុំនូវវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗក្នុងនីតិកាលទី៧ នៃរដ្ឋសភា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាក់ស្ដែង លោកថា ក្រសួងសម្រេចបានការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ២.៨០៧ អង្គភាព (ណែនាំឱ្យកែលម្អ ១.២១៦ អង្គភាព), ទទួលពិនិត្យ និងដោះស្រាយបណ្តឹងបានចំនួន ៤៣៥ បណ្តឹង (ដោះស្រាយបញ្ចប់ ១៨៨ បណ្តឹង), ចុះតាមដានការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងអនុសាសន៍ផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលបាន ៣.៨៥៣ មុខសញ្ញា, ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយច្បាប់ចំនួន ៦០០ លើក (អ្នកចូលរួម ១៣៥.៦១១ អង្គ/នាក់), រៀបចំវេទិកាសាធារណៈ ៤០ លើក (អ្នកចូលរួម ៣០.៣៣២ អង្គ/នាក់) និងចុះស្ទង់មតិចំនួន ១៦៨ លើក។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីទិសដៅការងារ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនាទាន ដើម្បីសម្រេចបានការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច» ឱ្យបានឆាប់ក្នុងពេលខាងមុខ។
សូមជម្រាបដែរថា ក្នុងឱកាសនេះផងដែរ អង្គប្រជុំទាំងមូល ក៏បានជជែកពិភាក្សា ដោយបានផ្តល់មតិយោបល់យ៉ាងផុសផុស និងស៊ីជម្រៅទៅលើការងារសំខាន់ៗរបស់ក្រសួង ក៏ដូចជាវិស័យអធិការកិច្ចទាំងមូល ព្រមទាំងកិច្ចសហការរវាងអង្គការនីតិប្រតិបត្តិ និងនីតិបញ្ញត្តិឱ្យកាន់តែពេញលេញបន្ថែមទៀត ដើម្បីចូលរួមពង្រឹងវិស័យអធិការកិច្ចនៅកម្ពុជា ក៏ដូចជាការចូលរួមបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ ហ្សាលីន

