លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសផ្តល់សេវាធានារ៉ាប់រងអាយុជីវិតដល់សិល្បករខ្មែរ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និង សមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សមាគមសិល្បករខ្មែរ បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់សិល្បករខ្មែរ ដោយការពង្រីកវិសាលភាពនៃការទទួលបានកិច្ចការពារធានារ៉ាប់រងអាយុជីវិត ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការលើកទឹកចិត្តឱ្យមានការរៀបចំផែនការហិរញ្ញវត្ថុក្នុងរយៈពេលវែង។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងជួយសិល្បករ និងគ្រួសាររបស់ពួកគាត់ក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំ ខណៈពេលដែលពួកគាត់បន្តចូលរួមចំណែកដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ នឹងសហការរួមគ្នាដើម្បី៖
– បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសិល្បករ និងក្រុមគ្រួសាររបស់ពួកគាត់។
– ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងសមស្របតាមតម្រូវការរបស់សមាជិកសមាគមសិល្បករខ្មែរ។
– អភិវឌ្ឍគំនិតផ្តួចផ្តើមផ្តាច់មុខ សម្រាប់សមាជិកនៃសមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីណែនាំបន្ត (Referral Program) ដែលបង្កើតឡើងដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា។
លោក អ៊ុត សឿង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក បានមានប្រសាសន៍ថា៖ “សិល្បករ គឺជាបេះដូងនៃវប្បធម៌កម្ពុជា។ តាមរយៈគំនិតច្នៃប្រឌិត និងការលះបង់របស់ពួកគាត់ដែលបានថែរក្សាប្រពៃណី បំផុសគំនិតល្អៗ និងបង្កើតអត្តសញ្ញាណជាតិរបស់យើង។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន យើងជឿជាក់ថា ពួកគាត់គឺសក្តិសមទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ក៏ដូចជាភាពកក់ក្តៅក្នុងចិត្ត។ កិច្ចព្រមព្រៀងដៃគូនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យសេវាធានារ៉ាប់រងអាយុជីវិតកាន់តែងាយស្រួល ព្រមទាំងគាំទ្រដល់សុខុមាលភាពរយៈពេលវែងជូនសិល្បករខ្មែរ និងគ្រួសាររបស់ពួកគាត់”៕










