អភិបាលក្រុងធំៗនៅអាមេរិក បដិសេធមិនប្រើប្រាស់ឈ្មោះ ‘បឹងអាមេរិក’ ដែលដាក់ដោយលោក ត្រាំ ឡើយ

អន្តរជាតិ

អភិបាលក្រុងធំៗ នៅសហរដ្ឋអាមេរិក បានបដិសេធមិនប្រើប្រាស់ឈ្មោះ “បឹងអាមេរិក” ដែលត្រូវបានដាក់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ឡើយ ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃវប្បធម៌ កីដូចជាការចំណាយដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ក្នុងការផ្លាស់ប្តូរឈ្មោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Robert Corradino អភិបាលក្រុង Oswego នៃរដ្ឋ New York ដែលជាផ្នែកមួយនៅជាប់ “បឹងអាមេរិក” ឬបឹង Ontario បានសម្តែងការព្រួយបារម្ភថាភាពចម្រូងចម្រាសនៃការផ្លាស់ប្តូរឈ្មោះបឹងនេះ អាចលុបចោលផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ទីក្រុង ដោយសារតែអ្វីគ្រប់យ៉ាងនៅទីនេះ បានដាក់ឈ្មោះបឹង Ontario រួចទៅហើយ រាប់ចាប់ពីផ្លូវ មជ្ឈមណ្ឌលសន្និបាត រហូតដល់កន្លែងប្រវត្តិសាស្ត្រផ្សេងៗទៀត។

យ៉ាងណាមិញ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលប្តូរឈ្មោះបឹង Ontario ទៅជា “បឹងអាមេរិក” លោក Corradino និងអភិបាលក្រុងជាច្រើនទៀតនៅភាគខាងជើងរដ្ឋញូវយ៉កបានហៅវាថាជាការសម្រេចចិត្ត “គួរឱ្យសោកស្តាយ” បំផុតមួយ។ ពួកគេខ្លាចថាការផ្លាស់ប្តូរនេះនឹងមិនត្រឹមតែធ្វើឱ្យអ្នកបោះឆ្នោតក្នុងស្រុកឃ្លាតឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ដែលមានជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា។

គួរជម្រាបជូនថា ទីក្រុង Oswego គឺជាទីតាំងរឹងមាំបំផុតមួយរបស់គណបក្សសាធារណរដ្ឋ ដោយមានអ្នកបោះឆ្នោតដល់ទៅជាង ៦១% ឯណោះដែលបានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែសីហា សមាជិកសភាក្រុង Oswego ជាច្រើនរូបមកពីគណបក្សធំៗទាំងពីររបស់អាមេរិក បានអនុម័តសេចក្តីសម្រេចមួយដើម្បីបដិសេធការប្តូរឈ្មោះថ្មីនៃបឹងOntario នេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីការចំណាយលើការផ្លាស់ប្តូរឈ្មោះដែលអ្នកបង់ពន្ធ និងអាជីវកម្មនឹងត្រូវចំណាយ៕​