អភិបាលក្រុងធំៗ នៅសហរដ្ឋអាមេរិក បានបដិសេធមិនប្រើប្រាស់ឈ្មោះ “បឹងអាមេរិក” ដែលត្រូវបានដាក់ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ឡើយ ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់នៃវប្បធម៌ កីដូចជាការចំណាយដល់ប្រជាពលរដ្ឋ និងអាជីវកម្ម ក្នុងការផ្លាស់ប្តូរឈ្មោះនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

លោក Robert Corradino អភិបាលក្រុង Oswego នៃរដ្ឋ New York ដែលជាផ្នែកមួយនៅជាប់ “បឹងអាមេរិក” ឬបឹង Ontario បានសម្តែងការព្រួយបារម្ភថាភាពចម្រូងចម្រាសនៃការផ្លាស់ប្តូរឈ្មោះបឹងនេះ អាចលុបចោលផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ទីក្រុង ដោយសារតែអ្វីគ្រប់យ៉ាងនៅទីនេះ បានដាក់ឈ្មោះបឹង Ontario រួចទៅហើយ រាប់ចាប់ពីផ្លូវ មជ្ឈមណ្ឌលសន្និបាត រហូតដល់កន្លែងប្រវត្តិសាស្ត្រផ្សេងៗទៀត។
យ៉ាងណាមិញ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលប្តូរឈ្មោះបឹង Ontario ទៅជា “បឹងអាមេរិក” លោក Corradino និងអភិបាលក្រុងជាច្រើនទៀតនៅភាគខាងជើងរដ្ឋញូវយ៉កបានហៅវាថាជាការសម្រេចចិត្ត “គួរឱ្យសោកស្តាយ” បំផុតមួយ។ ពួកគេខ្លាចថាការផ្លាស់ប្តូរនេះនឹងមិនត្រឹមតែធ្វើឱ្យអ្នកបោះឆ្នោតក្នុងស្រុកឃ្លាតឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចផងដែរ ដែលមានជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា។
គួរជម្រាបជូនថា ទីក្រុង Oswego គឺជាទីតាំងរឹងមាំបំផុតមួយរបស់គណបក្សសាធារណរដ្ឋ ដោយមានអ្នកបោះឆ្នោតដល់ទៅជាង ៦១% ឯណោះដែលបានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី៣១ ខែសីហា សមាជិកសភាក្រុង Oswego ជាច្រើនរូបមកពីគណបក្សធំៗទាំងពីររបស់អាមេរិក បានអនុម័តសេចក្តីសម្រេចមួយដើម្បីបដិសេធការប្តូរឈ្មោះថ្មីនៃបឹងOntario នេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីការចំណាយលើការផ្លាស់ប្តូរឈ្មោះដែលអ្នកបង់ពន្ធ និងអាជីវកម្មនឹងត្រូវចំណាយ៕

