អស់រយៈពេល ៤ឆ្នាំបន្ទាប់ពីក្រុមហ៊ុនបរទេសជាច្រើននាំគ្នាស្រុមចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកប្រមាណជាង ៣០០ នៅតែបន្តរក្សាវត្តមានរបស់ពួកគេនៅទីនោះដដែល។

នៅក្នុងបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី៤ ខែកញ្ញា នៅខាងក្រៅវេទិកាសេដ្ឋកិច្ចខាងកើត (EEF) ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Anton Kobyakov បាននិយាយថា ក្រុមហ៊ុនអាមេរិកជាង ៣០០ នៅតែធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ហើយមិនមានគម្រោងចាកចេញពីទីផ្សារនេះនោះទេ។
លោកបានមានប្រសាសន៍ទៀតថា៖ “ក្រុមហ៊ុនអាមេរិកជាង ៣០០ នៅតែមានវត្តមាននៅក្នុងទីផ្សាររុស្ស៊ី ទោះបីជាមានការហាមឃាត់ដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន ឬការប៉ុនប៉ងរារាំងពួកគេពីការធ្វើដូច្នេះក៏ដោយ”។
យោងតាមលោក Kobyakov វិនិយោគិនរបស់ប្រទេសលោកខាងលិចនៅតែបន្តរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ហើយអាជីវកម្មមួយចំនួននៅតែបន្តសហការជាមួយទីក្រុងមូស្គូយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃនេះ។
គួរឲ្យដឹងថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឲ្យអាជីវកម្មលោកខាងលិចយ៉ាងច្រើនសម្រុកចាកចេញពីប្រទេសរុស្ស៊ី។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបរទេសជាង ១០០០ បានដកខ្លួនចេញ ឬកាត់បន្ថយប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ។នេះបើយោងតាមទិន្នន័យពីសាលាគ្រប់គ្រង Yale។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាមេរិកធំៗជាច្រើនដូចជា Apple, Goldman Sachs និង MasterCard លែងមានវត្តមាននៅរុស្ស៊ីទៀតហើយ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់បារាំង Auchan និងក្រុមហ៊ុនទំនិញប្រើប្រាស់លំដាប់កំពូលៗ Nestle និង P&G នៅតែរក្សាប្រតិបត្តិការនៅទីនោះ។ ស្ថិតិរបស់ Reuters ពីដើមឆ្នាំ២០២៤ ដោយផ្អែកលើរបាយការណ៍ពីក្រុមហ៊ុនទាំងនោះ បានបង្ហាញថា អាជីវកម្មបរទេសបានខាតបង់ជាង ១០៧ពាន់លានដុល្លារដោយសារតែការចាកចេញពីទីផ្សារនោះ៕

