តាកែវ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

អ្នកឧកញ៉ា ម៉ម វណ្ណឌី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងភូមិសាស្ត្រស្រុកសំរោង ខេត្តតាកែវ។ អ្នកឧកញ៉ា បានបញ្ជាក់ថា ការចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពជាក់ស្ដែងនៃអគារសិក្សានាពេលនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់សាលារៀននីមួយៗ ព្រមទាំងកំណត់អាទិភាពសម្រាប់ការជួសជុល កែលម្អ និងសាងសង់ឡើងវិញ ឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងតម្រូវការរបស់គ្រឹះស្ថានសិក្សា។
គួរបញ្ជាក់ថា សាលារៀនទាំង ៩ ដែលត្រូវបានក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃ រួមមាន៖
១. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
២. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ស្លារម សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
៣. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន នាងខ្មៅ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ២ ខ្នង។
៤. សាលាបឋមសិក្សា ហ៊ុន សែន ក្រាំងធ្នង់ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៥. សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៦. វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ សាងសង់ក្នុងឆ្នាំ១៩៩៦ និងឆ្នាំ១៩៩៨ មានអគារចំនួន ២ ខ្នង។
៧. សាលារៀន ប៊ុន រ៉ានី ហ៊ុន សែន ស្ដុក សាងសង់ក្នុងឆ្នាំ១៩៩៧ មានអគារចំនួន ១ ខ្នង។
៨. សាលាបឋមសិក្សា ឱម សុផាត់ សាងសង់ក្នុងឆ្នាំ១៩៩៦ មានអគារចំនួន ១ ខ្នង។
៩. សាលាបឋមសិក្សា បត់រកា សាងសង់ក្នុងឆ្នាំ១៩៩៧ មានអគារចំនួន ១ ខ្នង។
ជាលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃ ក្រុមការងារបានកំណត់យក សាលាបឋមសិក្សាបត់រកា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ជាសាលារៀនអាទិភាពសម្រាប់ចាប់ផ្ដើមអនុវត្តការងារជួសជុល និងកែលម្អ។ ការកំណត់សាលាបឋមសិក្សាបត់រកាជាអាទិភាពនេះ គឺដោយសារអគារសិក្សានៅទីតាំងនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងត្រូវការការជួសជុល និងកែលម្អជាបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាព និងបរិយាកាសសិក្សាដ៏សមស្របសម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងវាយតម្លៃនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ចំពោះវិស័យអប់រំ និងសុខុមាលភាពរបស់កុមារ និងយុវជន តាមរយៈការជួយកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសិក្សា ដើម្បីបង្កើតបរិយាកាសអប់រំកាន់តែល្អប្រសើរ មានសុវត្ថិភាព និងរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា៕







