គណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក បានមកធ្វើដំណើរទស្សនកិច្ច និងសម្តែងការគួរសម និងមានកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ដំណើរទស្សនកិច្ច ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពី លំហូរប្រតិបត្តិការ និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមរម្លឹកដែរថា រដ្ឋាភិបាលកម្ពុជាបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ដោយឡែក បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន



