គិតត្រឹមឆ្នាំ២០២៥  “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” ត្រូវបានទទួលស្គាល់និងកំពុងអភិវឌ្ឍ សរុបចំនួន ១១៥ ភូមិ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមឆ្នាំ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់និងកំពុងអភិវឌ្ឍ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុបចំនួន ១១៥ ភូមិ។ នេះបើតាមលោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និង លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍន៍ “ភូមិគំរូ” ក្រោមអធិបតី លោក  ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈរបាយការណ៍ដោយ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស និង លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា គិតត្រឹមឆ្នាំ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានទទួលស្គាល់និងកំពុងអភិវឌ្ឍ “ភូមិគំរូ” និង “ភូមិគំរូគន្លឹះ” សរុបចំនួន ១១៥ ភូមិ ក្នុងនោះក្រសួងបានទទួលស្គាល់ចំនួន ៣០ភូមិ, កំពុងអនុវត្តតាមរយៈគម្រោងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ចំនួន ៣៤ភូមិ និងកំពុងអនុវត្ត “ភូមិគំរូគន្លឹះ” ដោយប្រើប្រាស់ធនធានជាមូលដ្ឋានមានស្រាប់ចំនួន ៥១ភូមិ នៅទូទាំង២៥ រាជធានី ខេត្ត ។

នាឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានលើគ្រប់វិស័យទាំងនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្ដិភាព ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំបន្ដវេនដ៏ឆ្នើមប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

សូមជម្រាបថា ការជំរុញចលនាអភិវឌ្ឍន៍ «ភូមិគំរូគន្លឹះ» នេះ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់កម្រិតភូមិនិងគ្រួសារ ដែលមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ក្នុងផែនការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ក្រសួងនឹងជ្រើសរើសភូមិ ដែលមានសក្ដានុពល រួមបញ្ចូលទាំងភូមិ ដែលមានសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូឱ្យបានចំនួន ៥០ភូមិ ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យចំនួនភូមិគំរូ កើនឡើងដល់ចំនួន ២៦៤ភូមិ នៅត្រឹមឆ្នាំ២០២៨៕