កាលពេលថ្មីៗនេះ កំពូលកីឡាករបាល់ទាត់ Lionel Messi បានឈានដល់កិច្ចព្រមព្រៀងជាគោលមួយ ក្នុងការទិញយកភាគហ៊ុន ១០០% នៃក្លិប CD Eldense ដែលជាក្លិបកំពុងប្រកួតប្រជែងនៅក្នុងលីគលំដាប់ទី២ របស់ប្រទេសអេស្ប៉ាញ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានបង្ហាញថា Messi នឹងទិញយកក្លិប Deportivo Eldense ទាំងស្រុងពីក្រុមវិនិយោគិនកូឡុំប៊ី TH Soluciones Group។ កិច្ចព្រមព្រៀងនេះមិនទាន់បានបញ្ចប់ជាផ្លូវការតាមផ្លូវច្បាប់នៅឡើយទេ ដោយត្រូវរង់ចាំការពិនិត្យឡើងវិញ និងការអនុម័តចាំបាច់ពីក្រុមប្រឹក្សាកីឡាជាន់ខ្ពស់របស់អេស្ប៉ាញជាមុនសិន។
គួរឲ្យដឹងផងដែរថា TH Soluciones Group ដែលដឹកនាំដោយលោក Juan Carlos Trujillo បានគ្រប់គ្រងក្លិប Eldense កាលពីចុងឆ្នាំ២០២៥ មក។ ហើយបន្ទាប់ពីការចរចានាពេលថ្មីៗនេះ ក្រុមវិនិយោគិននេះ បានយល់ព្រមផ្ទេរភាគហ៊ុនទាំងស្រុងទៅឲ្យ Messi ជាអ្នកគ្រប់គ្រងវិញ។ ហើយប្រសិនបើដំណើរការចុងក្រោយប្រព្រឹត្តទៅដោយរលូន នោះ Messi នឹងក្លាយជាម្ចាស់ផ្ទាល់តែម្នាក់គត់របស់ដែលមានមូលដ្ឋាននៅទីក្រុង Alicante នេះ ដោយគ្មានដៃគូ ឬអ្នកវិនិយោគភាគីទីបីផ្សេងទៀតចូលរួមនោះឡើយ។
គួរជម្រាបជូនផងដែរថា កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានទិញភាគហ៊ុននៅក្នុងក្លិប UE Cornella ដែលជាក្រុមប្រកួតប្រជែងក្នុងលីគទី៥ នៃប្រទេសអេស្ប៉ាញផងដែរ។ Cornella មានមូលដ្ឋាននៅតំបន់ Catalonia ដែលជាកន្លែងដែល Messi បានចំណាយពេលភាគច្រើននៃអាជីពបាល់ទាត់ដ៏ល្បីល្បាញរបស់គេជាមួយក្លិបអ្នកមានបុណ្យ Barcelona៕

