ក្រុមហ៊ុន Vista Land & Lifescapes ដែលជាក្រុមហ៊ុនអចលនទ្រព្យគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលហ្វីលីពីន Manuel Villar កំពុងពិចារណាលក់ទ្រព្យសកម្មមួយចំនួន រួមទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សារទំនើប) ចំនួនពីរ ដើម្បីរៃអង្គាសប្រាក់យកទៅសងបំណុលចំនួន ៤២០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Villar មួយនេះ បានឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលបានផ្ញើជូនផ្សារភាគហ៊ុនកាលពីថ្ងៃទី៩ ខែកញ្ញាថា ខ្លួនកំពុងពិនិត្យមើលលទ្ធភាពក្នុងការលក់ទ្រព្យសកម្មរបស់ខ្លួនមួយចំនួន ដែលអាចបង្កើតជាសាច់ប្រាក់រហូតដល់ ១៥ពាន់លានប៉េសូ (២៤០លានដុល្លារ)។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនេះ ក៏កំពុងវាយតម្លៃលើជម្រើសយុទ្ធសាស្ត្រសម្រាប់ទ្រព្យសកម្មលក់រាយរបស់ខ្លួនផងដែរ រួមទាំងប្រតិបត្តិការដែលអាចពាក់ព័ន្ធនឹង VistaREIT ដែលជាប្រតិបត្តិករផ្សារទំនើប ក៏ដូចជាប្រភពសាច់ប្រាក់ងាយស្រួលផ្សេងទៀតដូចជា ការវិនិយោគហិរញ្ញវត្ថុ និងកម្ចីធនាគារថែមទៀតផង។
ជម្រាបជូនថា យោងតាមក្រុមហ៊ុនស្រាវជ្រាវ CreditSights បានគូសបញ្ជាក់នៅក្នុងកំណត់ចំណាំថ្មីៗរបស់ខ្លួនថា ក្រុមហ៊ុន Vista Land កំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក ដោយមានបំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលត្រូវសងក្នុងរយៈពេល ៣ឆ្នាំខាងមុខ រួមទាំងសញ្ញាប័ណ្ណចំនួន ៤៥០លានដុល្លារដែលនឹងត្រូវផុតកំណត់នៅខែកក្កដា ឆ្នាំ២០២៩៕

