អឺរ៉ុប នៅតែបន្តជួយជំរុញឲ្យតម្រូវការថយន្តអគ្គិសនីរបស់ពិភពលោកកើនឡើងខ្ពស់ ៦ខែជាប់ៗគ្នា

អន្តរជាតិ

យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Benchmark Mineral Intelligence ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញនៅថ្ងៃទី១១ ខែកញ្ញាថា តម្រូវការសកលសម្រាប់យានយន្តអគ្គិសនីបានកើនឡើង សម្រាប់ខែទី៦ ជាប់ៗគ្នាហើយ គិតនៅត្រឹមខែសីហា ដោយតំបន់អឺរ៉ុបជាអ្នកនាំមុខគេក្នុងការកើនឡើងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់យានយន្តអគ្គិសនីសុទ្ធ និងរថយន្តប្រភេទ plug-in hybrid បង្ហាញពីភាពខុសគ្នាកាន់តែខ្លាំងឡើងរវាងទីផ្សារធំៗនានា។ ការឧបត្ថម្ភធនបានជួយជំរុញឲ្យមានតម្រូវការយ៉ាងខ្លាំង នៅក្នុងតំបន់អឺរ៉ុប ខណៈពេលដែលទីផ្សារសហរដ្ឋអាមេរិក ទទួលរងផលប៉ះពាល់ពីការលុបចោលការអនុគ្រោះពន្ធសហព័ន្ធសម្រាប់យានយន្តអគ្គិសនី (EV) ហើយក្រុមហ៊ុនផលិតរថយន្តរបស់ចិន នៅតែបន្តពឹងផ្អែកកាន់តែខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនរបស់ខ្លួន។

យ៉ាងណាមិញ ជារួមការលក់យានយន្តអគ្គិសនីទូទាំងពិភពលោក បានកើនឡើង ២% ដល់ ១,៨៣ លានគ្រឿងនៅក្នុងខែសីហា ដែលធ្វើឱ្យចំនួនសរុបចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះមក កើនដល់ ១៣,៤ លានគ្រឿង។

ក្នុងនោះដែរការលក់ប្រចាំខែនៅក្នុងតំបន់អឺរ៉ុបបានកើនឡើង ៣៦% ដល់ ៣៨០ ០០០ គ្រឿង ដែលជំរុញឱ្យកំណើនសរុបចាប់តាំងពីដើមឆ្នាំមកដល់ពេលនេះកើនដល់ ២៩%។ ចំណែកឯការលក់នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ១១% មកនៅត្រឹម ១,០៣ លានគ្រឿង ដោយសារផលប៉ះពាល់ពីការប្រៀបធៀបជាមួយតួលេខដ៏ខ្ពស់កាលពីឆ្នាំមុន។

ដោយឡែកចំពោះការលក់នៅអាមេរិកខាងជើងបានធ្លាក់ចុះ ៣៣% មកនៅត្រឹម ១៤០ ០០០ គ្រឿង ខណៈការលក់នៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក បានកើនឡើងយ៉ាងខ្លាំងដល់ទៅ ៩៧% ដល់ ២៩០ ០០០ គ្រឿង៕​