CDC ជំរុញក្រុមហ៊ុនចិន បង្កើនសមត្ថភាពផលិតកម្មរបស់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនធំមួយរបស់ចិន ផ្នែកផលិតយានយន្តអគ្គីសនី ឱ្យបង្កើនសមត្ថភាពផលិតកម្មរបស់ រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ការជំរុញនេះ បានធ្វើឡើង ក្នុងឱកាសចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញនិងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាស្រាវជ្រាវអំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា ដើម្បីឈានទៅដល់ ការបង្កើនសមត្ថភាពផលិតកម្មរបស់ រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញ, ការវិនិយោគលើការបង្កើតបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿន និងការផ្ទេរចំណេះដឹងបច្ចេកវិទ្យា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងស្រុក។

ជាការឆ្លើយតប លោកប្រធានក្រុមហ៊ុន BYD បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនកិច្ចដោយផ្ទាល់នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ហើយលោកក៏បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើន និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបង្ហាញឆន្ទៈក្នុងការពង្រីកការវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ ប្រតិភូកម្ពុជា បានចាត់ទុកថា មិនត្រឹមតែបានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក និងការជំរុញការផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់ថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងកម្ពុជានិងក្រុមហ៊ុន BYD ផងដែរ។ លទ្ធផលផ្លែផ្កានៃជំនួបនេះ នឹងក្លាយជាបុរេលក្ខខណ្ឌដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងក្លា សំដៅរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការការពារបរិស្ថានប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន