ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានថ្លែងថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួបជាមួយភាគីរុស្ស៊ី គឺប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូល G20 នៅសហរដ្ឋអាមេរិក នាខែធ្នូងខាងមុខ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះកំពុងត្រាបានជំរុញបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្នុងបទសម្ភាសមួយ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាខែធ្នូ លោក Zelensky បាននិយាយថា ៖” ពិតណាស់ ខ្ញុំត្រៀមខ្លួនរួចជាស្រេចហើយ។ យើងចាំបាច់ត្រូវចូលរួមព្រឹត្តិការណ៍នោះ។ យើងត្រូវតែជួបគ្នា មានការសន្ទនា និងធ្វើការសម្រេចចិត្តជាច្រើន”។
គួរឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីស្តារការចរចាឡើងវិញដែលបានជាប់គាំងអស់ពេលជាយូរមកហើយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប្រតិភូពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner កាលពីពេលថ្មីៗនេះ បានទៅទស្សនកិច្ចនៅទាំងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដើម្បីពិភាក្សាអំពីបញ្ហានេះផងដែរ។
មិនតែប៉ុណ្ណោះ លោក Zelensky បាននិយាយថា ទស្សនកិច្ចរបស់ប្រតិភូពិសេស លោក Witkoff និងលោក Kushner គឺជាសញ្ញាវិជ្ជមានមួយ ហើយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ទាំងមកកាន់ទីក្រុងកៀវ និងទីក្រុងម៉ូស្គូ៕

