នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ មានបេក្ខជនសរុបចំនួន ៥៦៦នាក់ (ស្រី ២៣៧នាក់) បានធ្វើដំណើរទៅដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។

ក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ក្នុងឯកសណ្ឋានសមរម្យ បេក្ខជនម្នាក់ៗបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ព្រមទាំងមានទឹកមុខញញឹម ជឿជាក់ និងមានសណ្តាប់ធ្នាប់ខ្ពស់។ ដើម្បីធានាបាននូវសមភាព និងតម្លាភាពក្នុងការប្រកួតប្រជែង បេក្ខជនទាំងអស់បានចូលរួមសហការយ៉ាងសកម្មជាមួយក្រុមការងារ ក្នុងការតម្រង់ជួរឆ្លងកាត់ការពិនិត្យឧបករណ៍អេឡិចត្រូនិច និងសំណៅឯកសារយ៉ាងម៉ឺងម៉ាត់នៅតាមច្រកទ្វារ ព្រមទាំងបានផ្ទៀងផ្ទាត់ឯកសារសម្គាល់ខ្លួន និងអត្តសញ្ញាណជាមួយគណៈអនុរក្ស មុននឹងចូលទៅកាន់បន្ទប់ និងអង្គុយតាមតុប្រឡងរៀងៗខ្លួន។
សកម្មភាពនៃការគោរពបទបញ្ញត្តិយ៉ាងខ្ជាប់ខ្ជួននេះ បានឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកច្បាប់ និងជាមន្ត្រីរាជការនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់យុត្តិធម៌ក្នុងសង្គមជាតិ ចាប់ផ្តើមពីជំហានដំបូងនៃសមរភូមិប្រឡងនេះ។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប ដើម្បីធានាភាពស្អាតស្អំ និងតម្លាភាពពេញលេញ ស្របតាមគោលការណ៍ «ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត»។ ពិធីនេះប្រព្រឹត្តទៅយ៉ាងសុក្រឹត ដោយមានការចូលរួមដឹងឮពីតំណាងក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងអ្នកសង្កេតការណ៍ និងបណ្តាញសារព័ត៌មានយ៉ាងច្រើនរូប។
សូមជម្រាបថា ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ នាថ្ងៃទី១៤ ខែកញ្ញានេះ ត្រូវបានកំណត់កាលវិភាគប្រឡងពេញមួយថ្ងៃ ដោយចាប់ផ្តើមដំណើរការចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៦:០០ល្ងាច នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។








