ជាមោទនភាព! កូនខ្មែរម្នាក់ទៀតហើយជាប់ជាសិស្សពូកែទូទាំងពិភពលោក

សង្គម​និង​សេដ្ឋកិច្ច

ជាមោទនភាពសម្រាប់កម្ពុជា ដែលមានកូនខ្មែរពោរពេញដោយសមត្ថភាពនិងទេពកោសល្យ បានពាំនាំកម្ពុជា ទៅល្បីរន្ទឺលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែងនាខែមករាកន្លងទៅ កុមារី ម៉ៅ អារីតា ឃេតលីន ជាសិស្សថ្នាក់ទី៤ នៃសាលាអន្តរជាតិ ជីនៀស ភ្នំពេញ Genius International School of Singapore (Phnom Penh) បានប្រឡងជាប់កម្មវិធីសិស្សពូកែអន្តរជាតិរបស់ប្រទេសសិង្ហបុរី (Admission Exercises for International Students) ដែលមានសិស្សពូកែទូទាំងពិភពលោកចូលរួមប្រឡង។

មានវ័យត្រឹមតែ ១០ឆ្នាំ កុមារី ឃេតលីន មានសមត្ថភាពខ្ពស់ផ្នែកគណិតវិទ្យា ក៏ដូចជាភាសាអង់គ្លេសផងដែរ។

លោកស្រី ជា លីងនីកូល ជាម្ដាយរបស់កុមារី ឃេតលីន បានផ្ដល់សម្ភាសន៍ជាមួយឧកញ៉ាញូស៍ថា ឃេតលីនជាក្មេងដែលពូកែនិងមានសមត្ថភាពខ្ពស់ មិនថាមុខវិជ្ជាដែលនាងរៀននៅសាលា ក៏ដូចជាផ្នែកសិល្បៈ ដោយនាងចេះលេងព្យាណូយ៉ាងពីរោះ។

លោកស្រីបន្តថា ឃេតលីន ជាសិស្សពូកែ ដោយនាងធ្លាប់ប្រឡងបានមេដាយមាស ផ្នែកគណិតវិទ្យានៅអាស៊ី ព្រមទាំងមានភាពក្លាហ៊ាននិយាយភាសាអង់គ្លេសជាសារធារណៈទៀតផង។

ម្ដាយសិស្សពូកែរូបនេះ ថា ក្នុងការប្រឡងចេញទៅរៀននៅសិង្ហបុរីនេះ គឺមានការលំបាកខ្លាំងណាស់ដែរ ដោយតម្រូវឱ្យយើងសិក្សាស្រាវជ្រាវឱ្យបានច្រើន និងត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់។ ឃេតលីនបានត្រៀមខ្លួនបានយ៉ាងល្អ រហូតក្រោយពីប្រឡងជាប់បានទៅរៀននៅសិង្ហបុរី នាងក៏ក្លាយជាសិស្សពូកែម្នាក់ក្នុងចំណោមសិស្សពូកែរាប់រយនាក់នៅទីនោះ ដោយខាងសាលាទុកចិត្តឱ្យនាងធ្វើជាប្រធានសិស្សទៀតផង។

សូមជម្រាបជូនថា នេះគឺជាលទ្ធផលគួរជាទីមោទនៈ និងជាកិត្តិយសសម្រាប់សាលា ក៏ដូចជាប្រទេសជាតិ ដែលមានសិស្សឆ្នើមតំណាងកម្ពុជា បានទៅបន្តការសិក្សានៅសាលារដ្ឋាភិបាលសិង្ហបុរី ពីថ្នាក់បឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា ក្រោមមូលនិធិឧបត្ថម្ភធនរបស់រដ្ឋាភិបាលសិង្ហបុរី៕