សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានព្រមានអ្នកដែលនាំទំនិញថៃខុសច្បាប់ចូលមកកម្ពុជា ត្រូវដកហូតទ្រព្យសម្បត្តិ ដកតំណែង និងឱ្យទៅរែកដី ជីកត្រង់សេនៅតំបន់ព្រំដែន ធ្វើពលកម្មឱ្យធ្ងន់ មិនថាមន្រ្តី ពលរដ្ឋនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសសម្តេចចុះសួរសុខទុក្ខជនភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងថា អ្នកដែលនាំទំនិញចូលមកកម្ពុជាដោយខុសច្បាប់ត្រូវ ដកហូតទ្រព្យសម្បត្តិ ដកតំណែង និងឱ្យទៅរែកដី ជីកត្រង់សេនៅតំបន់ព្រំដែន ធ្វើពលកម្មឱ្យធ្ងន់ មិនថាមន្រ្តី ពលរដ្ឋនោះទេ។ ដោយសម្តេចបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានផលិតផលគ្រប់សព្វ អាចផលិតបាន ដោយអាចផ្គត់ផ្គង់គ្រប់គ្រាន់។
សម្តេចតេជោ បន្តថា ទំហំពាណិជ្ជកម្ម១០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំរវាងកម្ពុជា និងថៃ ត្រូវបានសម្តេចថាទុកឱ្យថៃប្រើប្រាស់ខ្លួនឯងចុះ ឯកម្ពុជាជំនួសដោយទំនិញផលិតក្នុងស្រុក។ ប្រសិនបើខ្វះទំនិញ កម្ពុជាអាចនាំទំនិញមកពីវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរីជាដើម ដោយមិននាំពីថៃឡើយ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានអំពាវនាវឱ្យពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ដើម្បីកាត់ផ្តាច់ការពឹងផ្អែកលើសេដ្ឋកិច្ចប្រទេសជិតខាង អំឡុងពេលស្ថានភាពព្រំដែនកំពុងមានភាពតានតឹង៕

