សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែសម្តេចមិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយជាជម្លោះតពូជដូចនៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែលឡើយ។

ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមីនាមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន
បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។

សម្តេចបន្តទៀតថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ជាក់ជាមិនខាន។
នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនត្រូវចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ត្រូវរឹបអូសទ្រព្យសម្បត្តិ និងឱ្យទៅរែកដីធ្វើលេណដ្ឋាន។ ជាមួយគ្នានោះ សម្តេចក៏បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ជាតិយើង៕ អត្ថបទ៖ហ្សាលីន


