កម្ពុជា-អាមេរិក ប្ដេជ្ញាចិត្តពង្រឹងភាពជាដៃគូយូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា

សង្គម​ និង​សេដ្ឋកិច្ច

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមរបស់លោកសី Aleksandra Zittle ភារធារីស្តីទីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ឯកឧត្ដមឧបនាយករដ្ឋមន្តី្រ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកស្រី Zittle ក្នុងឱកាសដែល លោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ និងបានបង្ហាញជំនឿទុកចិត្តថា បេសកកម្មរបស់លោកស្រីនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាផលប្រយោជន៍ទៅ វិញទៅមក។

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងកម្ពុជា- សហរដ្ឋអាម៉េរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការពង្រីកពាណិជ្ជកម្ម និងវិនិយោគ កំណើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ជាទៀងទាត់ និងការពង្រឹងកិច្ចសហការលើវិស័យនានាជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការការពារជាតិ ឧក្រិដ្ឋកម្មឆ្លង ដែន ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សមរតកវប្បធម៌៕