ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe មានគោលបំណងវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

តាមរយៈជំនួបរវាង លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី១២មីនា បានឱ្យដឹងថា អាល្លឺម៉ង់ជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

នាឱកាសនោះ លោករដ្ឋមន្រ្តីកសិកម្ម ក៏បានប្រកាសស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
សូមជម្រាបជូនផងដែរថា ដើម្បីជំរុញការនាំចេញម្រេចទៅកាន់ទីផ្សារក្រៅប្រទេស កម្ពុជាក៏ការរៀបចំគោលនយោបាយម្រេចកម្ពុជា ក្នុងការពង្រឹងនិងជំរុញនិរន្តរភាពការអភិវឌ្ឍខ្សែច្រវាក់តម្លៃក្នុងវិស័យម្រេច និងជាពិសេសគឺសំដៅជំរុញការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង និងទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ៕





