ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញការប្ដេជ្ញាចិត្ដរួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។

ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ។
បើតាមការបញ្ជាក់ពីក្រសួងការបរទេស នៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។ បន្ថែមពីនោះ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕




