ជប៉ុន គាំទ្រកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញវិនិយោគិនបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សមាជិកសភាជប៉ុន បានប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈជប៉ុន ក៏បានស្វាគមន៍លើកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដើម្បីទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍ លោក ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោកសមាជិករដ្ឋសភាជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ជាមួយគ្នានេះ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចវិញ លោក បានស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនបន្ថែមទៀតមកវិនិយោគ នៅប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ សមាជិកសភារូបនេះ  ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ។

ជាការឆ្លើយតប  សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានសម្តែការពេញចិត្តចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួងស្ថាប័នកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង និងកិច្ចសហការជាមួយភាគីជប៉ុន ដើម្បីអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការ ថ្មីនេះឱ្យទទួលបានជោគជ័យ ។

តាមរយៈជំនួបពិភាក្សានេះដែរ សម្ដេចធិបតី និងសមាជិសភាជប៉ុន ក៏បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ ហ្សាលីន