តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគីនៃប្រទេសកម្ពុជា-វៀតណាម នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។

នេះជាការលើកឡើងរបស់លោក Nguye Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសវៀតណាម ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ កាលពិថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
លោកNguye Minh Vu បានឱ្យដឹងទៀតថា ក្នុងឆ្នាំនេះ លោកក៏មានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ លោកនឹងផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា តាមរយៈកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យវិនិយោគិនទាំងក្នុង និងក្រៅស្រុកជឿជាក់មកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបោះទុនវិនិយោគជាបន្តបន្ទាប់។

យោងតាមទិន្នន័យរបស់គយ រយៈពេល៥ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមួយបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗសម្រេចបាន ២៥.២៩ពាន់លានដុល្លារ កើនឡើង ១៨.៥%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់ ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។
ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ ផលិតផលកសិកម្ម គ្រឿងបង្គុំអគ្គិសនី និងផលិតផលមួយចំនួនទៀត។ គួរឱ្យដឹងថា ដៃគូនាំចេញនាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្ម ៧.៦ពាន់លានដុល្លារ កើនឡើង២៧.៥% , សហរដ្ឋអាមេរិក ៤.៤ពាន់លានដុល្លារ កើនឡើង ២៧% , វៀតណាម ៣.៨ពាន់លានដុល្លារ កើនឡើង ៨%, ថៃ ១.៨ពាន់លានដុល្លារ កើនឡើង៨.៣% និងជប៉ុន ជាង១ពាន់លានដុល្លារ កើនឡើង២៨% រួមនឹងដៃគូពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀត។

សូមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសឲ្យដឹងពីការឯកភាពគ្នារវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាម ចំពោះការអនុគ្រោះពន្ធ០% លើការនាំចេញនាំចូលទំនិញមួយចំនួនទៅវិញទៅមក។ សម្រាប់ភាគីកម្ពុជា គឺអាចនាំចេញទំនិញចំនួន២៨មុខទៅវៀតណាម ក្នុងអត្រាពន្ធ០% ដែលត្រូវធ្វើឡើងសម្រាប់ឆ្នាំ២០២៥-២០២៦ រីឯវៀតណាមវិញ ទទួលបានការអនុគ្រោះពន្ធ០%ពីកម្ពុជា ចំពោះទំនិញចំនួន២៥មុខ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទំនិញទាំង២៨មុខ ដែលកម្ពុជាអាចនាំចេញទៅវៀតណាម ក្នុងអត្រាពន្ធ០% មានជាអាទិ៍ សត្វបក្សី មាន់ ទា ក្ងាន គ្រឿងក្នុងសត្វបក្សី ផ្លែឈើពពួកក្រូចស្រស់ឬស្ងួត ស្រូវ អង្ករសំរូប ថ្នាំជក់ និងទំនិញផ្សេងៗទៀត។ ចំណែកឯទំនិញវៀតណាមចំនួន២៥មុខ ដែលអាចនាំចូលមកកម្ពុជាក្នុងអត្រាពន្ធ០%ដូចគ្នា ភាគច្រើនជាផលិតផលកសិកម្ម ដែលមានដូចជា សាច់សត្វ ប៉េងប៉ោះ ផ្កាខាត់ណា មើមការ៉ុត មើមឆៃថាវ ត្រសក់ សណ្តែកបារាំង សណ្តែកគួរ ផ្លែម្នាស់ ត្របែក ស្វាយ មង្ឃុត ក្រូចពោធិ៍សាត់ ផ្លែឪឡឹក និងល្ហុងជាដើម៕