រោងចក្រផលិតសំបកកង់រថយន្ត វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក.ដំណាក់កាលទី១ បានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងការងារ អភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយចំពោះក្រុមហ៊ុន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈមួយនេះ។

លោកក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ លើទឹកដីកម្ពុជានាពេលនេះ មិនត្រឹមតែជាជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុននឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យ និងជាសាក្សីរស់ក្នុងការចែករំលែកបទពិសោធន៍ដ៏ឧត្តម ក៏ដូចជាផ្សព្វផ្សាយនូវតថភាពវិជ្ជមាននានានៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់ពិភពលោក។ លោកបន្ថែមថា ជោគជ័យរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ គឺជាការបង្កើនទំនុកចិត្ត ដើម្បីទាក់ទាញបណ្តាញវិនិយោគិន ឱ្យបន្តមកបណ្តាក់ទុននៅកម្ពុជា។
សូមជម្រាបថា រោងចក្រផលិតសំបកកង់រថយន្តនេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត នៃខេត្តស្វាយរៀង។រោងចក្រនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ក្នុងការជ្រើសរើសយកទឹកដីកម្ពុជា ជាមូលដ្ឋានផលិតកម្មដំបូងបង្អស់របស់ខ្លួននៅក្រៅប្រទេស។ សមិទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាផ្លែផ្កាដែលប្រសូត្រចេញពីឆន្ទៈមោះមុតនៃកិច្ចពិភាក្សាទ្វេភាគី ក្នុងបេសកកម្មគោះទ្វារវិនិយោគ របស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅរោងចក្រផ្ទាល់ ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

គួរឱ្យកត់សម្គាល់ថា ត្រឹមតែរយៈពេលមួយឆ្នាំគត់ បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ រោងចក្រនេះបានលេចរូបរាងជាស្ថាពរ និងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មដំណាក់កាលទី១ ដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីសន្ទុះនៃការអភិវឌ្ឍ និងទំនុកចិត្តយ៉ាងជ្រាលជ្រៅលើបរិយាកាសវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ហ្សាលីន

