កម្ពុជា-មីយ៉ាន់ម៉ា មានបំណងចង់ឃើញ ទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ដែលមានប្រមាណជាង៣៥លានដុល្លារអាម៉េរិកប៉ុណ្ណោះ។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលជាមួយ លោក មីន អោង ឡាំង ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកគ្នាទៅលើទំនាក់ទំនងទ្វេភាគី និងចែករំលែកនូវទស្សនៈជុំវិញបញ្ហាតំបន់មួយចំនួនផងដែរ។
សម្ដេចតេជោបានចាត់ទុកវត្តមានរបស់ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជានៅពេលនេះ ថាជាផ្នែកដ៏សំខាន់មួយនៅក្នុងការជំរុញនូវមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា តាំងពីឆ្នាំ១៩៥៥មក ហើយនៅឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដោយបានរៀបចំសកម្មភាព ជាច្រើន ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការចូលរួមទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ដើម្បីធានាឱ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើន។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងចង់ឃើញ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងមីយ៉ាន់ម៉ា កើនឡើងខ្ពស់ជាងបច្ចុប្បន្ន ខណៈឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណជាង៣៥លានដុល្លារអាម៉េរិក។លើសពីនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានបង្ហាញការស្វាគមន៍ ចំពោះវិនិយោគិនកម្ពុជា ឱ្យទៅវិនិយោគនៅ មីយ៉ាន់ម៉ាកាន់តែច្រើន ខណៈភាគីកម្ពុជាក៏មានបំណងជំរុញឱ្យមានការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទៅវិញទៅមក។

តាមរយៈជំនួបនោះ ប្រទេសទាំងពីរ ក៏បានបង្ហាញពីសក្តានុពលនៃការពង្រឹងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងទេសចរណ៍ ដោយសារកម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនង ប្រវត្តិសាស្ត្រ វប្បធម៌ និងព្រះពុទ្ធសាសនា ស្រដៀងគ្នា ព្រមទាំងមានបំណង ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងភាពជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ ក្នុងជំនួប ដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហា តំបន់មួយចំនួនរួមទាំងបញ្ហាព្រំដែន រវាងកម្ពុជា និងថៃផងដែរ៕ អត្ថបទ៖ហ្សាលីន

