ប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងសភាកម្ពុជា-អាស៊ែប៊ៃហ្សង់

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ បានលើកឡើងពីបំណង ជំរុញបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងសភាកម្ពុជា-អាស៊ែប៊ៃហ្សង់ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ ធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាទីក្រុងបាគូ នៃសាធារណរដ្ឋអាស៊ែប៊ៃហ្សង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

នា​ឱកាសនោះ លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានកោតសរសើរពីភាពជោគជ័យរបស់កម្ពុជាលើការអភិវឌ្ឍប្រទេសជាតិ ដោយសារកត្តាប្រជាជនដែលបានចូលរួមយ៉ាងសកម្ម និងប្រព័ន្ធនយោបាយដែលអនុវត្តសមស្រប ជាពិសេសកម្ពុជាមានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់និងភាពប៉ិនប្រសប់ គឺសម្តេច តេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពកម្ពុជា។

ក្នុងនោះដែរ លោកជំទាវប្រធានរដ្ឋសភាអាស៊ែប៊ៃហ្សង់ បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅថែមទៀតរវាងសភាទាំងពីរ ជាពិសេសតាមរយៈគណកម្មការជំនាញ និងក្រុមមិត្តភាពសភាផងដែរ និងតាមប្រការដែលមានចែងក្នុង MOU ដែលមានស្រាប់។ លោកជំទាវ មានប្រសាសន៍បន្ថែមថា លោកជំទាវមានបំណងនឹងអញ្ជើញក្រុមមិត្តភាពសភាកម្ពុជា ព្រមទាំងគណៈកម្មការជំនាញពាក់ព័ន្ធរបស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅអាស៊ែប៊ៃហ្សង់ និងរៀបចំកិច្ចប្រជុំដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា

ឆ្លើយតបនឹងការលើកឡើងខាងលើនេះ ឯកឧត្តម វង សូត បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលបានត្រួសត្រាយផ្លូវដោយថ្នាក់ដឹកនាំជំនាន់មុនៗ រួមមាន សម្តេចតេជោ ហ៊ុន សែន និងសម្តេចចក្រី ហេង សំរិន ជាដើម៕