យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ របស់ក្រសួងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក៧.៨៦៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបប្រមាណ៤សែន៧ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ ខណៈពលរដ្ឋភៀសសឹកចំនួន១៧៨.៨៩៤នាក់ ក្នុងនោះ ស្ត្រី ៩៣.៥៣៤នាក់ និងកុមារ៥៨.០៩៤នាក់ បន្តស្នាក់នៅជំរំ។

ក្រសួងមហាផ្ទៃបានឱ្យដឹងដែរថា ចំពោះកិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក បានធ្វើជាបន្តបន្ទាប់ ក្នុងនោះខេត្តព្រះវិហារ កំពុងចុះស្រង់ផលប៉ះពាល់ និងការខូចខាតនៅស្រុកជាំក្សាន្ត ព្រមទាំងដឹកជញ្ជូនស្បៀងអាហារ ជូនពលរដ្ឋដែលពុំទាន់អាចចូលស្នាក់នៅក្នុងផ្ទះបាន។ ខេត្តឧត្តរមានជ័យ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅក្នុងផ្ទះបាន ខណៈមន្ត្រីកំពុងរៀបចំ ផ្ទះ និងភូមិករពលរដ្ឋចំនួន១៧២ភូមិ។ ខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធកំពុងរៀបចំកន្លែងស្នាក់នៅ បណ្តោះអាសន្នជូនពលរដ្ឋដែលពុំទាន់អាចចូលរស់នៅក្នុងផ្ទះបាន ផ្សព្វផ្សាយអប់រំពីយុទ្ធភណ្ឌមិនទាន់ផ្ទះ សហការ ជាមួយក្រុមការងារស៊ីម៉ាក់ (CMAC) ជួសជុលបណ្តាញអគ្គិសនី និងបណ្តាញទូរគមនាគមន៍ឡើងវិញ។

ខេត្តបាត់ដំបង អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធបានកំពុងបន្តចុះសួរសុខទុក្ខ នាំយកអំណោយ និងត្រួតពិនិត្យទីតាំងផ្ទះ ប្រជាពលដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងបានសហការជាមួយក្រុមការងារស៊ីម៉ាក់(CMAC) ដើម្បីបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ខេត្តពោធិ៍សាត់ អាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ កំពុងតាមដានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខពលរដ្ឋដែលបានវិលត្រឡប់មកលំនៅឋានវិញ។

ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងពលរដ្ឋភៀសសឹកឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន៕



