រយៈពេល៣ឆ្នាំកាន់ដំណែងរដ្ឋមន្រ្តី លោក ជា វ៉ាន់ដេត ធ្វើការកែទម្រង់ជួយឲ្យក្រសួងប្រៃសណីយ៍រកចំណូលកើនឡើង៤ដង

សង្គម​និង​សេដ្ឋកិច្ច

ត្រឹមដើមឆ្នាំ២០២៣នេះ លោក ជា វ៉ាន់ដេត បានកាន់ដំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រយៈពេល ៣ឆ្នាំបន្ទាប់ពីលោក ត្រាំ អ៉ីវតឹក ដែលទទួលមរណភាព។ ក្នុងមុខដំណែងដឹកនាំក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានចូលរួមធ្វើការកែទម្រង់ជួយឲ្យក្រសួងប្រៃសណីយ៍រកចំណូលកើនឡើង៤ដង ធៀបនឹងមុនការចូលកាន់តំណែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ជា វ៉ាន់ដេត បានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំ ដែលខ្ញុំបានចូលមកកាន់តួនាទី ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យើងបានធ្វើការងារកែទម្រង់ច្រើន ហើយជាលទ្ធផល គឺចំណូលរបស់រដ្ឋ បានកើនឡើង៤ដង នៃរយៈពេល៣ឆ្នាំនេះធៀបនឹង៣ឆ្នាំមុន ដែលខ្ញុំបានចូលមកកាន់ក្រសួង»។

សមទ្ធិផលមួយដ៏ធំនេះ លោក ជា វ៉ាន់ដេត បានចាត់ទុកថា ការណ៍នេះបានធ្វើឲ្យមន្ត្រីរាជការក្នុងក្រសួងមានទឹកចិត្ត និងសប្បាយរីករាយ ហើយថ្មីៗនេះលោកបានធ្វើការស្ទង់មតិមន្ត្រី ដែលនៅក្នុងអគ្គនាយកដ្ឋានខ្លះ គឺមន្ដ្រីគាំទ្រ១០០ភាគរយ នៃការកែទម្រង់របស់ក្រសួង។

លោកបន្តថា នៅក្នុងការកំណែទម្រង់នេះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ទៅលើវិស័យ៣ គឺ៖ វិស័យប្រៃសណីយ៍ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ព័ត៌មាន។

បើតាមលោក ជា វ៉ាន់ដេត ក្នុងពេលអនាគត ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចមួយចំនួន វិស័យពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យមួយដ៏ធំនៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជានៅក្នុងពិភពលោកផងដែរ៕