គិតត្រឹមឆ្នាំ២០២២នេះ ទេសរដ្ឋមន្រ្តី គន់ គីម ធ្លាប់មានប្រវត្តិកាន់តួនាទីគ្រាក់ៗអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

​នៅ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក គន់ គីម បាន​ធ្វើជា​អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោកបាន​ដើរ​តួនាទី​កាន់តែ​សំខាន់​នៅ​រវាង​ឆ្នាំ​១៩៩៤ ដល់​៩៥ នៅ​ពេល​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បង្កើត​ទី​បញ្ជាការដ្ឋាន​កងទ័ព​ថ្មី​នៅ​ទួល​ក្រសាំង​។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គន់ គីម កើតនៅ​ឆ្នាំ​១៩៥៤ ក្នុង​ភូមិ​ចាន់ទូង ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ដែល​បច្ចុប្បន្ន​ឋិត​ក្នុង​ភូមិ​សាស្ត្រ​នៃ​ខេត្ត​ត្បូងឃ្មុំ។ លោក​បាន​ចូលរួម​ជាមួយ​ខ្មែរក្រហម​តាំងតែ​ពីមុន​ឆ្នាំ​១៩៧៥ ដោយមាន​តួនាទី​ជា​កងឈ្លប និង​បន្ទាប់​មក​ជា​អង្គរក្ស​អោយ​លេខា​បក្ស​ស្រុក​ត្បូងឃ្មុំ​នៅ ភូមិភាគ​បូព៌ា​តំបន់​២១។

នៅ​ពេល​ដែល​របប​ខ្មែរក្រហម​គ្រប់គ្រង​អំណាច​លោក គន់ គីម មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​សន្តិសុខ​ស្រុក​ត្បូងឃ្មុំ ប៉ុន្តែ​លោក​ត្រូវ​​ប្តូរ​ចេញពី​ស្រុក​ត្បូងឃ្មុំ ទៅ​ធ្វើ​ប្រធាន​មន្ទីរ​សន្តិសុខ​ខេត្ត​កណ្ដាល​វិញ។ នៅ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក គន់ គីម បាន​ធ្វើជា​អភិបាលរង​ខេត្ត​កណ្ដាល និង​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ក្នុង​ខេត្ត​កណ្ដាល​។

លោក គន់ គីម ត្រូវបានរដ្ឋាភិបាលតម្លើង​សក្តិ​ជានា​យ​ឧត្តមសេនីយ៍​ផ្កាយ​៤ កាលពី​ឆ្នាំ​២០០៧ និង​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ថែមទៀត។ មុខតំណែង និង​តួនាទី​របស់​លោកចេះតែ​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់​ ដោយនៅក្នុង​ឆ្នាំ​២០០៩ លោក​បាន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ក្រសួងការពាជាតិ។

ក្នុងឆ្នាំ២០១៩ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស លោក គន់ គីម ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា ដែល​ត្រូវតែងតាំងជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ទេសរដ្ឋមន្ដ្រី​។​ បច្ចុប្បន្នលោក គន់ គីម ជាអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា

គួររម្លឹកថា កាលពីឆ្នាំ២០១៩ ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងរឹតត្បិតទិដ្ឋាការ លោក គន់ គីម និងសមាជិកគ្រួសារ ៣នាក់ និងក្រុមហ៊ុនមួយចំនួនទៀត ពោលគឺលើ​ប្រពន្ធរបស់លោក អ្នកស្រី គីង ចាន់ឌី និង​កូន​២​នាក់​ទៀត គឺ​អ្នកស្រី គីម សុផារី និង លោក គីម ផារ៉ា​។

ចំណែកក្រុមហ៊ុនដែលពាក់ព័ន្ធនឹងក្រុមគ្រួសារលោក គន់ គីម រួមមាន៖ ក្រុមហ៊ុន ៧​មករា ផារី (7 Makara Phary Co., Ltd.) ចុះបញ្ជី​ក្រោម​ឈ្មោះ អ្នកស្រី គីម សុផារី ទទួល​បាន​ដី​សម្បទាន​ជាច្រើន​ពាន់​ហិកតារ​នៅ​ក្នុង​ខេត្ត​រតនគិរី​។ ក្រុមហ៊ុន​ចំការកៅស៊ូ​ខេឌី (K D Rubber Plantation Co., Ltd) ជា​របស់​អ្នកស្រី គីង ចាន់ឌី ក្រុមហ៊ុន​សន្តិសុខ​ខេមបូ អេលីត (Cambo Elite Security Force Co., Ltd.) កាន់កាប់​ដោយ​អ្នកស្រី គីម សុផារី និង​ក្រុមហ៊ុន​រំដួល​អភិវឌ្ឍន៍ (Romdoul Development Co., Ltd.) កាន់កាប់​ដោយ​លោក គីម ផារ៉ា។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ កូនប្រុសលោក គន់ គីម សមាជិកណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យរបស់គណបក្សប្រជាជនកម្ពុជា លោក គីម រិទ្ធី ក៏ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ មានឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣  ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។

លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្នមុនឡើងកាន់តួនាទីជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ លើសពីនេះ លោក គីម រិទ្ធី ក៏កំពុងកាន់តួនាទីជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ៕