តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសមួយជាប់មាត់សមុទ្រ មានទីតាំងដ៏ទាក់ទាញក្នុងការវិនិយោគ។ជាមួយគ្នានោះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។នេះបើតាមការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក អ៊ិត សំហេង បានបន្តថា មិនត្រឹមតែ រួមចំណែកយ៉ាងធំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជានោះទេ ប៉ុន្តែក៏ជាការរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិត ឱ្យកាន់តែប្រសើរផងដែរ។

ក្នុងឱកាសនោះ លោក ចិន ជានកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។

ទន្ទឹមនឹងនោះ លោក ក៏បានប្តេជ្ញាថា នឹងខិតខំទាក់ទាញវិនិយោគិនមកកាន់កម្ពុជា ក៏ដូជាក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជាការផ្តល់ឱកាសការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងប្រឹងប្រែងទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅតំបន់សេដ្ឋកិច្ចនេះផងដែរ។

គួរបញ្ជាក់ថា  ខេត្តព្រះសីហនុបាន សម្រេចការរៀបចំគម្រោងសាងសង់ផ្លូវថ្មី ចំនួន៣៤ ខ្សែ ហើយនិងកំពុងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ និងពង្រីកព្រលានយន្តហោះ អន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ  ដែលមានតម្លៃជាង  ២ ពាន់លានដុល្លារ បាននឹងកំពុងជំរុញសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះ៕