តម្លៃប្រេងឆៅសំខាន់ៗទាំងពីរប្រភេទនៅលើពិភពលោក ដូចជា Brent និង WTI របស់សហរដ្ឋអាមេរិក បានកើនឡើងជាង ៣% បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបិទបំពង់បង្ហូរប្រេងដ៏សំខាន់មួយនៅមជ្ឈិមបូព៌ា ដោយសារតែរងការវាយប្រហារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបើកការជួញដូរនាព្រឹកថ្ងៃទី១៤ ខែកញ្ញា តម្លៃប្រេងឆៅ Brent និងប្រេងឆៅ WTI របស់អាមេរិក ទាំងពីរបានកើនឡើង ៣,១% រហូតដល់ ១០៨ដុល្លារ និង ១០៣ដុល្លារ ក្នុងមួយបារ៉ែល រៀងៗគ្នា។
ទីផ្សារប្រេងឆៅបានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីចំណាត់ការបិទបំពង់បង្ហូរប្រេងកាលពីចុងសប្តាហ៍មុនរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងឈានមុខគេនៅលើពិភពលោក។ កាលពីថ្ងៃទី១១ ខែកញ្ញា ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានប្រកាសបិទបំពង់បង្ហូរប្រេង East-West ដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់ជំនួសឱ្យបំពង់បង្ហូរប្រេង Hormuz។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានថ្លែងថា បំពង់បង្ហូរប្រេងនេះត្រូវបានរងការវាយប្រហារដោយដ្រូនជាច្រើនគ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ាក់។ មន្ត្រីផ្លូវការមិនទាន់បានទម្លាយពីទំហំនៃការខូចខាត ឬរយៈពេលដែលត្រូវបិទនោះនៅឡើយទេ។
គួរឲ្យដឹងថាបំពង់បង្ហូរប្រេងនេះ មានសមត្ថភាពដឹកជញ្ជូនប្រេងរហូតដល់ ៧ លានបារ៉ែលក្នុងមួយថ្ងៃ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរំខានដល់ការផ្គត់ផ្គង់ប្រេង ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។ វាលាតសន្ធឹងឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយតភ្ជាប់ទៅតំបន់ផលិតប្រេងនៅជិតឈូងសមុទ្រពែក្ស និងឆ្ពោះទៅកាន់កំពង់ផែនាំចេញនៅលើឆ្នេរសមុទ្រក្រហម។
ជម្រាបជូនថា អារ៉ាប៊ីសាអូឌីត ត្រូវពឹងផ្អែកលើបំពង់បង្ហូរប្រេងនេះ ដើម្បីបង្វែរទិសដៅនៃការនាំចេញប្រេងឆៅឱ្យផុតពីឈូងសមុទ្រពែក្ស ក្នុងពេលដែលមានការបិទផ្លូវសមុទ្រ Hormuz។ កាលពីខែមុន លោក Amin Nasser អគ្គនាយកក្រុមហ៊ុន Saudi Aramco បានមានប្រសាសន៍ថា បំពង់ប្រេងនេះថែមទាំងបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយឱ្យទីផ្សារមានស្ថិរភាព ជាងការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់អាមេរិកទៅទៀត៕

