ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងរក្សាការសន្យារបស់លោកក្នុងការផ្តល់ប្រាក់ ៥ ០០០ដុល្លារដល់ពលរដ្ឋម្នាក់ៗ ពិតប្រាកដ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត ដោយអះអាងថា សហរដ្ឋអាមេរិកមានសមត្ថភាពពេញលេញក្នុងការចំណាយលើរឿងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលត្រូវបានគេសួរនាំថា តើសភាចាំបាច់ត្រូវអនុម័តថវិកាដែលលោកបានសន្យានេះដែរឬទេ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានវិញថា៖”ខ្ញុំមិនដឹងទេ ប៉ុន្តែវានឹងងាយស្រួលបំផុតប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះ។ វាអាចទៅរួចយ៉ាងល្អឥតខ្ចោះក្នុងការទទួលបាន ៥ ០០០ដុល្លារសម្រាប់មនុស្សពេញវ័យគ្រប់រូបនៅក្នុងប្រទេស ព្រោះយើងកំពុងប្រមូលប្រាក់បានយ៉ាងច្រើនរួចទៅហើយ”។
គួរឲ្យឹងផងដែរថា នៅមុននេះ លោក ត្រាំ បានចេញមុខបានសន្យាថានឹងផ្តល់ប្រាក់ ៥ ០០០ដុល្លារដល់ពលរដ្ឋអាមេរិកពេញវ័យគ្រប់រូប ប្រសិនបើគណបក្សសាធារណរដ្ឋរក្សាការគ្រប់គ្រងសភាបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៣ ខែវិច្ឆិកា ដោយមានលក្ខខណ្ឌថាប្រាក់នោះត្រូវតែប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ ចំនួនទឹកប្រាក់សរុបដែលត្រូវចំណាយនេះគឺមានចំនួនប្រមាណ ១,៣ទ្រីលានដុល្លារ។
ជម្រាបជូនថា ជុំវិញការប្រកាសអំពីការផ្តល់ប្រាក់ ៥ ០០០ដុល្លារដែលលោក ត្រាំ បានធ្វើឡើងនៅក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋនៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បានទាក់ទាញការព្រួយបារម្ភពីសមាជិកសភាបក្សប្រជាធិបតេយ្យ សមាជិកសភាបក្សសាធារណរដ្ឋមួយចំនួន និងអ្នកជំនាញសេដ្ឋកិច្ចផងដែរ។ អ្នករិះគន់អះអាងថា សកម្មភាពនេះហាក់ដូចជាការព្យាយាមទិញទឹកចិត្តអ្នកបោះឆ្នោត ហើយអាចនាំឱ្យមានការកើនឡើងអតិផរណាថែមទៀតផង៕

