លោក ដូណាល់ ត្រាំ បានចេញមុខរិះគន់ចំៗទៅលើលោក Emmanuel Macron ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីប្រធានាធិបតីបារាំងរូបនេះ បាននិយាយថា មេដឹកនាំអាមេរិក បានចាកចេញពីកិច្ចប្រជុំកំពូល G7 លឿនមុនគេ គឺដើម្បីជំរុញឲ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
អំឡុងពេលថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ប្រធានាធិបតីបារាំង លោក Macron បានព្រលយពាក្យសម្តីថា លោក ត្រាំ បានចាកចេញពីសន្និសីទមុនកាលកំណត់ ដើម្បីចរចាបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
“ការចាកចេញមុនកាលកំណត់នេះ គឺពិតជាមានសំណើដើម្បីជួប និងពិភាក្សាជាបន្ទាន់ណាមួយ។ សំណើនេះ គឺផ្តោតជាសំខាន់ដើម្បីសម្រេចបានបទឈប់បាញ់ បន្ទាប់មកអ្វីៗផ្សេងទៀត នឹងចាប់ផ្តើមមានការពិភាក្សាកាន់តែទូលំទូលាយ។ សហរដ្ឋអាមេរិក អាចធានាបានថា ពួកគេនឹងជំរុញឲ្យមានបទឈប់បាញ់មួយ ពីព្រោះពួកគេអាចដាក់សម្ពាធលើអ៊ីស្រាអែលបាន ដូច្នេះអ្វីៗអាចផ្លាស់ប្តូរបាន” ។ នេះបើតាមអ្វីដែលលោក Macron បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន។
តែទោះជាយ៉ាងណាក៏ដោយ ក្រោយមក លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social ដោយបានបដិសេធចំពោះការលើកឡើងទាំងនេះវិញ។ លោកថែមទាំងបានរិះគន់លើមេដឹកនាំបារាំងរូបនេះទៀតថា ជាមនុស្សចង់បានការចាប់អារម្មណ៍ខ្លាំង។
“លោក Macron យល់ច្រឡំថាខ្ញុំបានចាកចេញពីកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ហើយត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដើម្បីធ្វើការលើបទឈប់បាញ់ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ តែគាត់មិនបានដឹងថា ហេតុអ្វីបានជាខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនវីញភ្លាមៗនោះទេ។ វាប្រាកដជាមិនមានអ្វីដែលត្រូវធ្វើជាមួយបទឈប់បាញ់នោះទេ។ អ្វីដែលខ្ញុំកំពុងធ្វើគឺធំជាងនេះទៅទៀត។ ហើយសូម រង់ចាំមើលទាំងអស់គ្នា”។ នេះបើតាមអ្វីដែលលោក ត្រាំ បានសរសេរនៅបណ្តាញសង្គមរបស់ខ្លួន។
ជម្រាបជូនផងដែរថា នៅថ្ងៃដដែលនោះ មេដឹកនាំបណ្តាប្រទេស G7 (អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យមានការបន្ធូរបន្ថយជម្លោះ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ប៉ុន្តែបានផ្ញើសារគាំទ្រដល់សិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល៕