ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយថា លោកអាចនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាទីបំផុត ប្រសិនបើរុស្ស៊ីមិនយល់ព្រមចំពោះបទឈប់បាញ់នៅអ៊ុយក្រែនទេនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានក្នុងការិយាល័យ Oval នៅឯសេតវិមានកាលពីថ្ងៃទី១២ ខែមីនាថា៖ “ក្រុមមន្រ្តីអាមេរិកកំពុងធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅពេលនេះ ដូចដែលយើងធ្លាប់និយាយ។ ខ្ញុំសង្ឃឹមថាយើងអាចទទួលបានបទឈប់បាញ់ពីប្រទេសរុស្ស៊ី នាពេលឆាប់ៗ” ។
មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីបាននិយាយបន្ថែមទៀតថា ៖”ប្រសិនបើយើងធ្វើដូច្នេះ ខ្ញុំគិតថាយើងមាន ៨០% នៃវិធីសាស្រ្តផ្សេងទៀត ដើម្បីបញ្ចប់ការបង្ហូរឈាមដ៏គួរឲ្យរន្ធត់នេះ” ។
យ៉ាងណាមិញ លោក ត្រាំ មិនបាននិយាយអ្វីជាពិសេសលើសពីនេះទៀតនោះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក្រោយមកបាននិយាយថា លោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក ត្រាំ និងជាតួអង្គសំខាន់ក្នុងការចរចាលើតំបន់ហ្គាហ្សា និងអ៊ុយក្រែន នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ក្នុងអំឡុងសប្តាហ៍នេះ។
ទន្ទឹមនឹងនេះ លោក ត្រាំ ហាក់មិនបាននិយាយថានៅពេលណាដែលលោកនឹងបន្តការពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ម្តងទៀតនោះទេ ប៉ុន្តែលោកបានសម្តែងក្តីសង្ឃឹមថាមេដឹកនាំវិមានក្រឹមឡាំង នឹងទទួលយកបទឈប់បាញ់ នៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា សហរដ្ឋអាមេរិក អាចនឹងឈានដល់ការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរណាមួយ លើរុស្ស៊ី ប្រសិនបើរដ្ឋាភិបាលទីក្រុងម៉ូស្គូ មិនយល់ព្រមចំពោះបទឈប់បាញ់ណាមួយទេនោះ។
“ខ្ញុំអាចធ្វើរឿងអាក្រក់ៗចំពោះរុស្ស៊ី ជាពិសេសទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុ។ ខ្ញុំមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែខ្ញុំចង់បានសន្តិភាពច្រើន” ។នេះបើតាមការលើកឡើងបន្ថែមពីសំណាក់ លោក ត្រាំ។
ជម្រាបជូនផងដែរថា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បាននិយាយផងដែរថា មន្ត្រីរុស្ស៊ី និងអាមេរិក នឹងមានការពិភាក្សាគ្នាតាមទូរស័ព្ទ ក៏ដូចជាជំនួបទល់មុខគ្នាក្នុងរយៈពេលពីរថ្ងៃខាងមុខ ខណៈដែលលោកស្រី Leavitt បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ក៏បានពិភាក្សាគ្នាជាមួយភាគីរុស្ស៊ីរួចរាល់ហើយផងដែរ កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ៕