រដ្ឋាភិបាលថៃ គ្រោងចុះបញ្ជី​កញ្ឆ​ជាគ្រឿងញៀនខុសច្បាប់ឡើងវិញ នៅត្រឹមចុងឆ្នាំនេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយកាលពីថ្ងៃទី៨ ខែឧសភាថា កញ្ឆានឹងត្រូវចុះបញ្ជីសារជាថ្មីដោយចាត់ទុកថាជាគ្រឿងញៀនខុសច្បាប់ នៅត្រឹមចុងឆ្នាំ២០២៤ នេះ ពោលគឺបន្ទាប់ពីរយ:ពេល ២ឆ្នាំ នៅពេលដែលថៃបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ អនុញ្ញាតឲ្យប្រើប្រាស់កញ្ឆាជាលក្ខណៈកម្សាន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំរបស់ប្រទេសថៃរូបនេះ បានស្នើឲ្យក្រសួងសុខាភិបាល ធ្វើវិសោធនកម្មការចុះបញ្ជីជាថ្មីម្តងទៀត ដើម្បីដាក់រួមបញ្ចូលកញ្ឆា និងចេញច្បាប់ថ្មី ដើម្បីអនុញ្ញាតឲ្យប្រើវាសម្រាប់គោលបំណងព្យាបាលតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក Srettha ក៏បានបញ្ចេញមតិប្រឆាំងចំពោះការប្រើប្រាស់កញ្ឆាជាលក្ខណៈកម្សាន្ត ចាប់តាំងពីលោកបានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីកាលពីឆ្នាំមុន ដោយលើកហេតុផលថា វាអាចធ្វើឲ្យបញ្ហាគ្រឿងញៀនដែលមានស្រាប់នៅក្នុងប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗ។

ជម្រាបជូនផងដែរថា រដ្ឋាភិបាលថៃ បានសម្រេចដាក់បញ្ចូលកញ្ឆាឲ្យប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្រ្តជាលើកដំបូង នៅឆ្នាំ២០១៨ និងបន្តឲ្យប្រើប្រាស់ក្នុងការកម្សាន្តនៅឆ្នាំ២០២២ អំឡុងស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលមុន ដែលនាំឲ្យមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៃអាជីវកម្មខ្នាតតូចដែលលក់ផលិតផលកញ្ឆា នៅទូទាំងប្រទេស៕